លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាការប្រកួតជាមួយអង្គរថាយហ្គឺរ ជាប្រកួតមួយដ៏លំបាកសម្រាប់ក្រុមរបស់លោក ប៉ុន្តែលោកសង្ឃឹមធ្វើបានល្អជាងកាលពីជុំទី២នៅទឹកដីរបស់ក្រុមខេត្តសៀមរាបមួយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា ៖«អង្គរថាយហ្គឺរតែងតែធ្វើបានល្អក្នុងដីរបស់ខ្លួន ហើយជាការប្រកួតដ៏លំបាកសម្រាប់ពួកយើងដែលទៅលេងនៅទីនោះ។ យើងនឹងព្យាយាមធ្វើឲ្យបានល្អ។ យើងសង្ឃឹមថា យើងនឹងធ្វើបានល្អជាងលើកមុន។ យើងលេងបានល្អ អាស្រ័យលើកត្តាទីលាននៅទីនោះ ទីលានមានស្ថានភាពល្អ ហើយក្រុមអង្គរថាយហ្គឺរក៏ជាផ្នែកមួយជួយឲ្យការប្រកួតបានល្អដែរ»។
លោកបានបន្តថា ៖«ទោះបីជាការប្រកួតមុន យើងឈ្នះមែន ប៉ុន្តែយើងចង់ឲ្យមានភាពប្រសើរជាមុន។ នៅក្នុងដីរបស់អង្គរថាយហ្គឺរមិនងាយមានក្រុមណាយកឈ្នះដោយស្រួលនោះទេ។ បន្ទាប់ពីការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងពាក់កណ្តាលសប្តាហ៍ គឺគ្មានបញ្ហាសម្រាប់យើងទេ ពីព្រោះក្រុមយើងតែងតែលេង២ប្រកួតក្នុងមួយសប្តាហ៍។ វាល្អសម្រាប់យើងដែលមានការប្រកួត២លើកក្នុងមួយសប្តាហ៍ ហើយកីឡាករក៏អាចស្តារកម្លាំងកាយមកវិញគ្រប់គ្រាន់ដែរ ហើយរក្សាចង្វាក់លេងបានល្អ»។
សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុកក្រុមល្អ អង្គរថាយហ្គឺរ នាល្ងាចនេះ សម្រាប់ការប្រកួតសប្តាហ៍ទី២ វគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ២០២៤-២៥៕
