ខេត្តរតនគិរី÷ ប្រជាពលរដ្ឋ១គ្រួសារ បានប្រកបមុខរបរចិញ្ចឹមជ្រូកកណ្ដុរ(ដែលគេហៅថាជ្រូកកណ្ដុររបស់បងប្អូនជនជាតិដើមភាគតិច)។ ប៉ុន្តែជ្រូកកណ្ដុរនេះកំពុងមានតម្រូវការលើទីផ្សារខ្ពស់គួរសម ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ ជ្រូកកណ្ដុរគេមកទិញតែក្នុងកម្មវិធីបុណ្យចូលឆ្នាំចិន-វៀតណាម និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

អ្នកចិញ្ចឹមជ្រូកកណ្ដុរនោះឈ្មោះ លំ អង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ និងមានប្រពន្ធឈ្មោះ យាយ លី អាយុជិត៦០ឆ្នាំ រស់នៅភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង បានឲ្យភ្នាក់ងារយើងដឹងនៅថ្ងៃទី០៩កុម្ភ:នេះ ថា គាត់មានសមាជិកក្នុងគ្រួសារចំនួន៥នាក់ ហើយមានជីវភាពក្រខ្សត់ ព្រោះគាត់សព្វថ្ងៃនេះកំពុងជំពាក់បំណុលធនាគារមួយនៅក្នុងខេត្ត ប៉ុន្តែសងដោះជិតរួចអស់ហើយ។
កាលពីមុនគាត់មានមុខរបរកម្មករជៀរជ័រកៅស៊ូនៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូក្នុងសង្កាត់កាចាញ នាអំឡុងឆ្នាំ១៩៩៣ ប៉ុន្តែកាលនោះរកចំណូលដូចមិនទៅមុខសោះ ខ្វះមុខ ខ្វះក្រោយ ទើបគាត់ពីរនាក់ប្តីប្រពន្ធ ដេកគិតថានិងផ្លាស់ប្ដូរមុខរបរថ្មី ងាកមកចាប់មុខរបរចិញ្ចឹមជ្រូកកណ្ដុរវិញ ដោយមុខរបរមួយនេះ វាងាយស្រួលនិងចិញ្ចឹម ដាក់ចំណីនោះឲ្យវាស៉ីគឺដើមចេក លាយជាមួយកន្ទួកនិងចុងអង្ករ ដាំបបរក្នុងមួយថ្ងៃឲ្យវាស៉ី ពីទៅបីដង។

ហើយគាត់បានបង្កើតមុខរបរនេះឡើង រយ:ពេល៣ឆ្នាំមកហើយ មិនពិបាកចិញ្ចឹមនិងថែទាំវានោះទេ ធ្វើទ្រុងហើយយកមេជ្រូក១ក្បាលដាក់ដាច់ដោយឡែកពីគ្នា(ទ្រុង៦)ដល់ពេលមេជ្រូកវារកឈ្មោល គាត់បានយកបារមកបង្កាត់នៅក្នុងទ្រុងរយៈពេល ២-៣ថ្ងៃ ទើបយកបារនោះចេញវិញ។
បន្ទាប់ពីមេជ្រូកទាំង៦ក្បាលបានទម្លាក់សំបុកកូនក្នុងមួយឆ្នាំពីដង ក្នុងម្តងទម្លាក់សំបុកកូនបានប្រមាណពី៥០ ទៅ៦០ក្បាល ដោយគាត់ឃើញកូនជ្រូកច្រើនដូច្នេះ គាត់មានការសប្បាយចិត្តជាខ្លាំង និងមានកម្លាំងចិត្តបន្តទៅមុខទៀត។
ខណៈឈ្មួញកណ្តាលមកចូលទិញកូនជ្រូកដល់ផ្ទះ ថែមទាំងកម្មង់កូនជ្រូកទុកឲ្យគេទៀត ជួនកាលថ្ងៃខ្លះមិនមានកូនជ្រូកលក់ឲ្យគេទេ ដោយសារមិនទាន់ទម្លាក់សំបុកកូន។
ហើយអ្នកទិញកូនជ្រូកគេរកតែអាយុចាប់ពី ១ខែ ទៅដល់១ខែកន្លះ ដោយសារអ្នកយកទៅហូបនោះមិនឲ្យកូនជ្រូកធំពេកទេ បើធំពេកសាច់មិនបានផុយឆ្ងាញ់ល្អ។

គាត់ចិញ្ចឹមជ្រូកកណ្ដុរនេះ មានមេចំនួន ៦ក្បាល និងបារ១ក្បាល ដើម្បីទុកបង្កាត់យកកូន ប៉ុន្តែមិនយកខុសពីបារជ្រូកកណ្ដុរដូចគ្នាមកបង្កាត់កូននោះឡើយ។
គាត់បានបន្តទៀតថា បើមិនមានបុណ្យទាន ឬក៏កម្មវិធីផ្សេងៗនោះទេ កូនជ្រូកក្នុង១ក្បាលគាត់លក់បានតម្លៃ ១៥ម៉ឺនរៀល ហើយបើមានកម្មវិធីបុណ្យចូលឆ្នាំចិន-វៀតណាមវិញនោះ លក់បានតម្លៃថ្លៃគ្រាន់បើ ចាប់ពី១ក្បាលតម្លៃ ២០ម៉ឺនរៀល ទៅដល់៣០ម៉ឺនរៀល ក្នុងនោះគាត់រកចំណូលបាននៅក្នុងមួយឆ្នាំៗលក់បាន១០លានរៀល។
ហើយគាត់ក៏បានកាក់កបជាងមុន ដោយគាត់ចាប់មុខរបរចិញ្ចឹមជ្រូកកណ្តុរមួយនេះត្រូវមកដល់ពេលបច្ចុប្បន្ននេះ។
ដោយឡែកមានបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរវិញ គឺតម្លៃជ្រូកកណ្តុរបានធ្លាក់ចុះបន្តិចនៅសល់ត្រឹម១៨ម៉ឺនរៀល(ក្នុងកូនជ្រូក១ក្បាល)ក្រៅពីចូលឆ្នាំចិន-វៀតណាម ឬចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនមានម៉ូយចូលមកកម្មង់ទិញនោះឡើយ៕

