បន្ទាយមានជ័យ៖ក្មេងទំនើងជាង២០នាក់ក្នុងនោះមាន ប្រុស ស្រី ខណៈដឺលជាប់នឹងក្នុងខ្លួនពួកគេប្រដាប់ទៅដោយកាំបិតចម្រុះ បានចេញធ្វើសកម្មភាពអុកឡុកក្នុងក្រុងប៉ោយប៉ែតនៅពេលយប់ ប៉ុន្តែត្រូវកំលាំងនគរបាលក្រុងប៉ោយប៉ែតចេញល្បាតឃាត់ខ្លួនបាននៅវេលាម៉ោង ១១យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជាង២០នាក់នេះ ដោយអនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកំលាំងអធិការទាំង ៩ ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។ ផ្តើមពីនោះលោកក៏បានដឹកនាំ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា និងកម្លាំងនគរបាលប៉ុស្តិ៍ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម -ចិន ហើយបានជិះរថយន្តចេញល្បាត ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ លុះជិះល្បាតក្នុងភូមិសាស្ត្រក្រុងក៏ស្រាប់តែប្រទះឃើញមានក្មេងជាច្រើននាក់កំពុងធ្វើសកម្មភាពអុកឡុកនៅក្នុងក្រុងប៉ោយប៉ែតយ៉ាងសកម្ម។
ភ្លាមៗនោះកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួនជាង២០នាក់ មាន ប្រុស ស្រី និងដកហូតបានម៉ូតូជាច្រើនគ្រឿង កាំបិត ដាវចំរុះ មួយចំនួនធំយកមកអធិការកដើម្បីសួរនាំ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបន្តទៀតថា ក្មេងទំនើងទាំងអស់នេះជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពអុកឡុកក្នុងក្រុងប៉ោយប៉ែតកន្លងមក។ក្មេងទំនើងទាំងអស់នោះពេលដែលធ្វើរបាយការណ៍ចប់សព្វគ្រប់បានបញ្ជូនមកស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំងអស់ទៅតុលាការ នៅព្រឹក ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥ នេះដើម្បីចាត់ការបន្តតាមនីតិវិធី៕