លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង បានផ្ញើសារណែនាំដល់ប្រជាពលរដ្ឋចូលប្រុងប្រយ័ត្នអំពីជំងឺរលកផ្លូវដង្ហើមដែលអាចកើតមានគ្រប់ពេលវេលាចំពោះមនុស្សគ្រប់វ័យ ថ្វីត្បិតមិនបង្កគ្រោះថ្នាក់ខ្លាំងក៏ដោយ។

ជំងឺរលកផ្លូវដង្ហើមតែមានលើមនុស្សគ្រប់វ័យជាប្រចាំ ទោះបីជាវាបង្កផលប៉ះពាល់បន្តិចដល់សុខភាពក៏ដោយ ប៉ុន្តែជះឥទ្ធិពលខ្លាំងផ្នែកសេដ្ឋកិច្ច និងពេលវេលាការរស់នៅរបស់ពលរដ្ឋ គ្រាជំងឺកូវីដ១៩ បានសាបសូន្យទៅហើយក្តី។
លោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឱ្យដឹងកាលពីថ្មីៗនេះថា បញ្ហាជំងឺរលកផ្លូវដង្ហើម តែងបង្កផលវិបាកមួយកម្រិតដល់សុខភាពពលរដ្ឋ ខណៈជំងឺប្រភេទនេះងាយនឹងឆ្លងគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស។ ដូច្នេះជាវិធីបង្ការការពារខ្លួន ពលរដ្ឋអាចចាក់សាំងបង្ការ និងធ្វើអនាម័យខ្លួនប្រាណញឹកញាប់តាមរយៈលាងដៃនឹងសាប៊ូ ក៏ដូចជាពាក់ម៉ាសជាដើម។

លោកវេជ្ជបណ្ឌិត ហូ សុខហួន បានឲ្យដឹងដែរថា នៅឆ្នាំ២០២៥កន្លងទៅ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានទទួលពិនិត្យ និងព្យាបាលអ្នកជំងឺសរុបជាង៥ពាន់នាក់ ក្នុងនោះស្រីជិត៣ពាន់នាក់។ បើធៀបនឹងឆ្នាំ២០២៤ តួលេខនេះកើនឡើងគួរឱ្យកត់សម្គាល់ ហើយក្រុមគ្រូពេទ្យ នឹងបន្តបេសកកម្មពង្រឹងសេវាពិនិត្យព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទំនុកចិត្តពីប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលក្នុងមូលដ្ឋាន។ ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត មិនចង់ឃើញប្រជាពលរដ្ឋមានបញ្ហាជំងឺផ្សេងៗ ហើយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ ពោលគឺនៅតែជំរុញការអប់រំចំណេះដឹងផ្នែកសុខភាព និងវិធីសាស្រ្តការពារខ្លួន ចៀសផុតពីជំងឺគ្រប់ប្រភេទ។
លោក មុត ម៉ាច និងអ្នកស្រី ទាវ ណៃ ជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ដែលបានមកទទួលសេវាពិនិត្យព្យាបាលជំងឺ លើកឡើងថា មន្ទីរពេទ្យមានការអភិវឌ្ឍន៍ច្រើនទ្វេរដង បើធៀបនឹងឆ្នាំកន្លងទៅៗ ក្នុងន័យលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថានស្រស់បំព្រង និងផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព។

ពលរដ្ឋទាំង២ដដែល អះអាងថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យព្យាបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈល្អ ពិសេសសម្ភារៈវេជ្ជបណ្ឌិតក៏សំបូរបែបជាងមុនឆ្ងាយដែលធ្វើពួកគាត់មានទំនុកចិត្តខ្ពស់មកទទួលសេវា។ ទន្ទឹមនោះរាល់ការព្យាបាលជំងឺមិនប្រកាន់វណ្ណៈ ឬទាមទារថវិកា ករណីពលរដ្ឋក្រីក្រព្យាបាលដោយមិនគិតថ្លៃសោះឡើយ។ ដូច្នេះពួកគាត់សូមថ្លែងអំណអរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យសុខាភិបាលឈរលើការគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ៕


