ខេត្តរតនគិរី÷ នាពេលថ្មីៗនេះ មានរថយន្តវេអងជាច្រើនគ្រឿងដឹកជញ្ជូនកម្ទេចកម្ទីអាចម៍ឈើ ចេញពីរោងចក្រចិន កែច្នៃកុងផ្លាកគេ(ហ្វ៊ូ ស៊ិន លីន យី ឌីវេឡុបម៉ិន ឯ.ក) នៅជិតរោងចក្រចម្ការកៅស៊ូ ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដោយមិនបានគ្របស្បៃពីលើឲ្យបានគ្រប់គ្រាន់។
ការដឹកជញ្ជូនបែបនេះ បានបង្កភាពលំបាកមួយចំនួនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដោយសារកម្ទេចអាចម៍ឈើអាចហ៊ុយប៉ើង និងរាយប៉ាយលើផ្លូវ បណ្ដាលឲ្យប៉ះពាល់ដល់ការមើលឃើញ និងអនាម័យ ខណៈការធ្វើដំណើរ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ចជំនាញ និងពិនិត្យណែនាំដល់ម្ចាស់រថយន្ត ឲ្យអនុវត្តតាមបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍លើដងផ្លូវសាធារណៈ។
ជុំវិញករណីនេះ លោក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា សមត្ថកិច្ចនិងបន្ត តាមដាន និងណែនាំអប់រំ ដល់អ្នកបើកបររថយន្ត ដើម្បីឲ្យការដឹកជញ្ជូនប្រព្រឹត្តទៅដោយមានសុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់៕







