អ្នកនាំពាក្យ៖ ផ្អាកអាជីវកម្មខ្សាច់មួយកន្លែងនៅស្រុកស្រែអំបិល ដោយពិនិត្យឃើញថាអាចនឹងប៉ះពាល់ដល់ជម្រកអណ្ដើកហ្លួង

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក  ខ្វៃ អាទិត្យា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ក្រសួងបានផ្អាកទីតាំងអាជីវកម្មខ្សាច់១កន្លែង នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលពិនិត្យឃើញថា អាចនឹងបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ។ ការសម្រេចផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ននោះ គឺដើម្បីរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងឱ្យហើយជាមុនសិនទើបអាចដំណើរការវិញបាន។

លោកបានបន្ថែមថា ទីតាំងអាជីវកម្មខ្សាច់បូកមួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។

អ្នកនាំពាក្យមានប្រសាសន៍ដោយ សង្កត់ធ្ងន់ថា៖ “ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន”។

 គួររំលឹកថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។

យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។

លោក ខ្វៃ អាទិត្យា បានឲ្យដឹងដែរថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន អំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។

សូមជម្រាបថា អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។ ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន ក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះ ពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅនិងបរិស្ថាននៅឡើយទេ៕

Written by 

Related posts

Leave a Comment