មន្ត្រីជាន់ខ្ពស់អាមេរិក ត្រៀមបង្ហាញជម្រើសយោធាថ្មីប្រឆាំងអ៊ីរ៉ង់ជូនលោក ត្រាំ

ផែនការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីដើមខែនេះ នៅមិនទាន់សម្រេចបាននៅឡើយ ស្របពេលមន្ត្រីជាន់ខ្ពស់អាមេរិក នឹងបញ្ចេញសំណើថ្មីមួយទៀតទាក់ទងនឹងយុទ្ធសាស្រ្តនៃការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូនាល់ ត្រាំ នៅសប្តាហ៍នេះ។

ប្រភពពីសារព័ត៌មាន Axios បានឱ្យដឹងថា លោក ត្រាំ សម្រេចមិនទាន់វាយប្រហារគោលដៅលើប្រទេសអ៊ីរ៉ង់ កាលពីដើមខែនេះ ស្របពេលមានការតវ៉ានៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណា លោក បញ្ជាឱ្យមានការចល័តនូវសព្វាវុធមួយចំនួនទៅក្បែរនឹងប្រទេសនេះ។

យោងតាមមន្ត្រីសេតវិមាន បាននិយាយថា ផែនការការវាយប្រហារនៅតែស្ថិតនៅលើតុ ទោះបីជាការតវ៉ាត្រូវបានបង្ក្រាបក៏ដោយ។

ប្រភពដែលគួរឱ្យទុកចិត្ត បានកត់សម្គាល់ថា លោក ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ Axios បានបន្ថែមថា លោក ទំនងជានឹងធ្វើការពិគ្រោះយោបល់បន្ថែមទៀត នៅសប្តាហ៍នេះ។

ទន្ទឹមនោះ លោក ត្រាំ បានប្រាប់ Axios ក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក បានបញ្ជូនកងកម្លាំងជើងទឹកដ៏ធំមួយទៅតំបន់ជិតអ៊ីរ៉ង់ ខណៈដែលលោក ជឿថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សា និងធ្វើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmail Baghaei ក៏បាននិយាយផងដែរថា យោធាអ៊ីរ៉ង់ កំពុងតាមដានសកម្មភាពយោធាទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីពង្រឹងការការពារខ្លួន។

នៅថ្ងៃទី ២៣ ខែមករា លោក ត្រាំ បានបង្ហើបថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលអ៊ីរ៉ង់ ហើយថា កងកម្លាំងជើងទឹកមួយក្រុម កំពុងធ្វើដំណើរទៅកាន់សាធារណរដ្ឋអ៊ីស្លាម។ មេដឹកនាំអាមេរិក ក៏បានព្រមានថា លោក កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងប្រទេសនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment