ត្រាំ ដំឡើងពន្ធ ២៥ភាគរយ លើកូរ៉េខាងត្បូង ដោយសារធ្វើឱ្យដួលរលំកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តមួយ កាលពីថ្ងៃចន្ទ ក្នុងការបង្កើនពន្ធគយលើការនាំចូលមួយចំនួនរបស់កូរ៉េខាងត្បូង។

ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែសមាជិកសភាកូរ៉េខាងត្បូង បរាជ័យក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

មេដឹកនាំអាមេរិក បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “ដោយសារតែសភាកូរ៉េខាងត្បូងមិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រជាមួយយើង ខ្ញុំនឹងបង្កើនពន្ធគយកូរ៉េខាងត្បូងលើរថយន្ត ឈើ ឱសថ និងពន្ធគយទៅវិញទៅមកផ្សេងទៀតទាំងអស់ ពី ១៥ ភាគរយ ដល់ ២៥ ភាគរយ”។

ទន្ទឹមនោះ លោក បានចោទរដ្ឋសភាកូរ៉េខាងត្បូងថា “មិនបានអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក”។

លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងនីមួយៗ យើងបានធ្វើការយ៉ាងសកម្មភាព និងយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយពន្ធគយរបស់យើងស្របតាមប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។ ជាការពិតណាស់ យើងរំពឹងថាដៃគូពាណិជ្ជកម្មរបស់យើងនឹងធ្វើដូចគ្នា។

កាលពីឆ្នាំមុន មេដឹកនាំអាមេរិករូបនេះ ធ្លាប់បាននិយាយថា រដ្ឋាភិបាលលោក បានទទួលការសន្យាវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។ ប្រទេសកូរ៉េខាងត្បូង នឹងវិនិយោគសាច់ប្រាក់ចំនួន ២០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាដំណាក់កាលៗ ដោយមានកំណត់ចំនួន ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយនៅសល់ ១៥០ ពាន់លានដុល្លារទៀតនឹងត្រូវចំណាយលើការសាងសង់នាវា។ ជាថ្នូរនឹងការបន្ថយពន្ធលើរថយន្តកូរ៉េខាងត្បូងពី ២៥ ភាគរយ មកត្រឹម ១៥ ភាគរយ។

លោក ត្រាំ ក៏បាននិយាយផងដែរថា លោក នឹងអនុញ្ញាតឱ្យទីក្រុងសេអ៊ូល ទទួលបានសមត្ថភាពនាវាមុជទឹកនុយក្លេអ៊ែរ។ លោក បានពន្យល់ថា នាវាមុជទឹកទាំងនោះនឹងត្រូវបានផលិតនៅទីក្រុង Philadelphia ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment