នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ (AYG-2031) ជាផ្លូវការហើយ។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន រវាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក សេង វណ្ណៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។
ឯកឧត្ដម វ៉ាត់ ចំរើន បាននិយាយថា កិច្ចសន្យានេះជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជនអាស៊ី ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឱ្យបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសន្យានេះក៏បញ្ជាក់ និងធានាឱ្យព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឺងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង៤៥ប្រទេសត្រៀមចូលរួម។
ឯកឧត្ដមបានអះអាងថា ចលនាអូឡាំពិកកម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទរកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។ ឯកឧត្ដមអគ្គលេខាធិការ NOCC បានអំពាវនាវសូមឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលនឹងធ្វើឱ្យប្រទេសជាតិមានភាពអស្ចារ្យម្ដងទៀតក្នុងឆ្នាំ២០៣១៕

