ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ប្រឆាំងនឹងការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់អ៊ុយក្រែនក្នុងប្លុកនេះ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញដល់មេដឹកនាំអឺរ៉ុបនូវផែនទីបង្ហាញផ្លូវសម្រាប់ផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ដែលផ្តល់ការបែងចែកថវិកាចំនួន ៨០០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ និងការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ក្រុងគៀវនៅឆ្នាំ ២០២៧។
អ្នកការទូតអឺរ៉ុបម្នាក់ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា មិនមានការពិភាក្សាច្រើនទេបន្ទាប់ពីនោះ ប៉ុន្តែមេដឹកនាំមួយចំនួនលើកឡើងពីការព្រួយបារម្ភអំពីផ្នែកនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។
យោងតាមកាសែត Politico រាយការណ៍ថា មេដឹកនាំអឺរ៉ុបមួយចំនួន មានការព្រួយបារម្ភអំពីផលវិបាកដែលមិនបានមើលឃើញទុកជាមុនសម្រាប់ការផ្ដល់សមាជិកភាព។
ទោះជាយ៉ាងណា របាយការណ៍ពីកាសែត មិនបានបង្ហាញឈ្មោះប្រទេសដែលប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននៅឆ្នាំ ២០២៧ នោះទេ៕


ដោយ៖ ពេជ្រ
