ព្រះសីហនុ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក បានមកដល់មូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងសហរដ្ឋអាម៉េរិក។

ការមកដល់មូលដ្ឋានសមុទ្ររាមនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។
នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ហើយមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame ហើយដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។
ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងអាម៉េរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នា ដើម្បីរឹតចំណងមិត្តភាព ផងដែរ។(AKP)




