អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា លោក ត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែទីក្រុងប៊ែរឡាំង នៅមិនអាចទទួលយករចនាសម្ព័ន្ធអភិបាលកិច្ចក្នុងទម្រង់បច្ចុប្បន្នរនេះបានទេ។

លោក បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ថា កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំបានប្រាប់លោកប្រធានាធិបតី Trump ថា ខ្ញុំផ្ទាល់ត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដោយមានលក្ខខណ្ឌថា វានឹងក្លាយជាស្ថាប័នមួយដូចដែលបានគ្រោងទុកដំបូង នឹងត្រួតពិនិត្យដំណើរការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា រួមទាំងដំណាក់កាលទីពីរ ដែលរួមបញ្ចូលទាំងការរំសាយអាវុធរបស់ហាម៉ាស។
លោក Merz បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដោយសារទម្រង់បច្ចុប្បន្នរបស់ក្រុមប្រឹក្សាសន្តិភាព យើងមិនអាចទទួលយកបាននូវរចនាសម្ព័ន្ធអភិបាលកិច្ចក្នុងប្រទេសអាល្លឺម៉ង់ ផងដែរ ដោយសារហេតុផលរដ្ឋធម្មនុញ្ញ។

លោក បន្តថា យើងពិតជាត្រៀមខ្លួនរួចជាស្រេចដើម្បីពិនិត្យមើលទម្រង់កិច្ចសហប្រតិបត្តិការថ្មីផ្សេងទៀតជាមួយសហរដ្ឋអាមេរិក ប្រសិនបើយើងនិយាយអំពីការស្វែងរកទម្រង់ថ្មីដែលនឹងនាំយើងឱ្យកាន់តែខិតជិតទៅរកសន្តិភាពនៅក្នុងតំបន់ផ្សេងៗនៃពិភពលោក។ ហើយខ្ញុំមិនចង់ឱ្យក្រុមប្រឹក្សានេះផ្ដោតតែតំបន់ហ្គាហ្សា និងមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ពោលគឺរួមបញ្ជូលទាំងអ៊ុយក្រែនផងដែរ។
កាលពីថ្ងៃទី ២២ ខែមករា តំណាងប្រទេសចំនួន ១៩ បានចុះហត្ថលេខាលើធម្មនុញ្ញស្តីពីការបង្កើតក្រុមប្រឹក្សាសន្តិភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពហ្គាហ្សា នៅក្នុងពិធីមួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសជាង ៥០ នឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព។ ខណៈពេលដែលគំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងចលនារ៉ាឌីកាល់ហាម៉ាសប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់នោះ វានឹងដោះស្រាយការបង្ការ និងដោះស្រាយជម្លោះនៅក្នុងតំបន់ផ្សេងទៀតផងដែរ៕

ដោយ៖ ពេជ្រ
