ទីបំផុតក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នៅក្នុងលីគកំពូលកម្ពុជាហើយ សម្រាប់់ការប្រកួតសប្តាហ៍ទី១៦ បន្ទាប់យកឈ្នះដោយលទ្ធផល ៣-២ កាលពីយប់មិញនៅកីឡដ្ឋានភ្នំពេញក្រោន។
ក្នុងជំនួបដ៏តានតឹងនេះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បាននាំមុខ ២-០ មុនដែលជារកបានគ្រាប់បាល់ដោយកីឡាករ Moses និង Andres Neito ប៉ុន្តែចុងម៉ោងក្នុងវគ្គទី១ ព្រះខ័នរាជស្វាយរៀង រកបាន ២ គ្រាប់តាមស្មើ និងគ្រាប់បាល់ជ័យជម្នះនៅវគ្គទី២។ គ្រាប់បាល់ទាំង ៣ របស់ ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah។
ជ័យជម្នះនេះបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ ភ្នំពេញក្រោន នៅរដូវកាលនេះ បន្ទាប់ពី ១៤ ប្រកួតកន្លងទៅ ពួកគេបានឈ្នះ ១០ និងស្មើ ៤ មាន ៣៤ពិន្ទុ បន្តឈរចំណាត់ថ្នាក់លេខ ២ ខណៈការសងសឹកបានសម្រេចរបស់ព្រះខ័នរាជស្វាយរៀងនេះធ្វើឲ្យពួកគេមាន ៣៩ ពិន្ទុ បន្តឈរលើកំពូលតារាងដ៏រឹងមាំ តាមរយៈការឈ្នះ ១៣ ប្រកួត និងចាញ់ ៣ ប្រកួត និងបាននាំមុខ ៥ ពិន្ទុ៕

