ខេត្តរតនគិរី៖ ឈើសុក្រមចំនួន ២២កំណាត់ ប្រវែងប្រមាណមួយម៉ែត្រ ពីរតឹក និងឈើសន្លឹកមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតយកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានដែលបានតាមដានសកម្មភាពនេះជាយូរមកហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈើខាងលើត្រូវបានឈ្មួញមួយរូប លួចធ្វើសកម្មភាព ដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូ នៅវេលាយប់ជ្រៅស្ងាត់ ចេញពីព្រៃសហគមន៍មួយកន្លែង ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ដោយមានគោលបំណងយកមកចែកចាយតាមដេប៉ូក្នុងខេត្ត ឬបន្តនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។
ប្រភពដដែលបញ្ជាក់ថា ឈ្មួញរូបនេះបានធ្វើសកម្មភាព ប្រមូលទិញ និងលួចដឹកឈើជាប្រចាំថ្ងៃ តាមភូមិមួយចំនួនក្នុងតំបន់ ដោយមានលក្ខណៈយូរអង្វែងមកហើយ ប៉ុន្តែពុំធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាប ឬតាមប្រមាញ់បានម្តងណាសោះ។ ទោះជាយ៉ាងណា នៅពេលនេះ ឈ្មួញរូបនេះត្រូវបានគេចាត់ទុកថា “អស់ល័ក្ខ” ខណៈក្រុមអ្នកសារព័ត៌មានបានសង្កេតឃើញសកម្មភាពខុសច្បាប់ និងធ្វើការថតផ្តិតយករូបភាពជាភស្តុតាង មុននិងរាយការណ៍បន្តទៅកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត។
ជាក់ស្តែងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ខណៈឈ្មួញរូបនោះកំពុងដឹកឈើតាមរ៉ឺម៉កម៉ូតូចេញពីចំណុចខាងលើ ក៏បានប្រទះជាមួយក្រុមអ្នកសារព័ត៌មានដែលតាមដានជាយូរមកហើយ។ ដោយសារភ័យស្លន់ស្លោរ ឈ្មួញបានទាញទម្លាក់ឈើចេញពីរ៉ឺម៉ក ចោលតាមផ្លូវលំ ស្ថិតក្នុងភូមិទុស្ត៍ ឃុំតាអង ស្រុកកូនមុំ រួចបើករ៉ឺម៉កម៉ូតូគេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់ទីតាំង។

ក្រោយទទួលបានព័ត៌មាន និងភស្តុតាងពីក្រុមអ្នកសារព័ត៌មាន កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តរតនគិរី បានចុះទៅកាន់កន្លែងកើតហេតុ និងទទួលយកឈើទាំងអស់ ដើម្បីប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើមករក្សាទុក និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
តាមការអះអាងពីប្រភពក្នុងតំបន់ឈ្មួញដែលជាប់ពាក់ព័ន្ធនឹងករណីនេះ មានឈ្មោះ ឈៀង តុងហាន ភេទប្រុស អាយុជាង ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុង ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
គួរឲ្យកត់សម្គាល់ ឈ្មួញរូបនេះមានមុខរបរជាអ្នកសារព័ត៌មាន នៅអង្គភាពគេហទំព័រ មាតុភូមិកម្ពុជា ដែលធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍ និងសំណួរចំពោះការអនុវត្តច្បាប់ និងសីលធម៌វិជ្ជាជីវៈផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងៗ និងចាត់វិធានការតាមច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងកើតមានជាបន្តបន្ទាប់នៅក្នុងខេត្តរតនគិរី៕



