លោកឧត្តមសេនីយ៍ Nerdah Mya កូនប្រុសរបស់អតីតមេដឹកនាំរដ្ឋការ៉ែន លោក Bo Mya បានប្រកាសបង្កើតរដ្ឋថ្មីមួយដែលមានឈ្មោះថា សាធារណរដ្ឋ Kawthoolei និងប្រកាសឯករាជ្យពីប្រទេសមីយ៉ាន់ម៉ា។

យោងតាមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៦ ខែមករា បានឱ្យដឹងថា សេចក្តីប្រកាសនេះ កើតឡើងមួយថ្ងៃ នៅជំរុំ U Kae Kee ក្នុងភូមិ Shu Khali, ឃុំ Waw Lay ស្រុក Shu Khali, តំបន់ Myawaddy ក្នុងរដ្ឋការ៉ែន ប្រទេសមីយ៉ាន់ម៉ា ជិតស្រុក Mae Sot ជាប់ព្រំដែនថៃ។
លោកឧត្តមសេនីយ៍ Nerdah Mya បានប្រកាសបង្កើតសាធារណរដ្ឋ Kawthoolei និងប្រកាសខ្លួនឯងជាប្រធានាធិបតី។ លោក ក៏បានប្រកាសបង្កើតរដ្ឋាភិបាលមួយ រួមទាំងការតែងតាំងនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីផងដែរ។
នៅក្នុងសេចក្តីប្រកាសរបស់លោក Nerdah Mya បានលើកឡើងថា Kawthoolei គឺជាទឹកដីដូនតារបស់ប្រជាជនការ៉ែន និងបានលើកឡើងពីអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរនេះ។

លោក បានបន្ថែមថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានដួលរលំ ហើយដូច្នេះប្រជាជនការ៉ែន កំពុងបង្កើតរដ្ឋឯករាជ្យមួយ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋាភិបាលថ្មីនេះ បានកត់សម្គាល់ថា សេចក្តីប្រកាសនេះគឺចាំបាច់ ពីព្រោះប្រជាជនការ៉ែនប្រឈមមុខនឹងការគាបសង្កត់ ការរើសអើង និងអ្វីដែលខ្លួនពិពណ៌នាថាជាយុទ្ធនាការហិង្សាដ៏យូរអង្វែងអស់រយៈពេល ៧៧ ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ១៩៤៩។
មនុស្សជាង ៤០០ នាក់ រួមទាំងជនស៊ីវិល និងមេដឹកនាំយោធា បូករួមទាំងកងទ័ពការ៉ែន បានចូលរួមក្នុងពិធីប្រកាសបង្កើតរដ្ឋនេះ ដែលរួមមានទាំងក្បួនដង្ហែ និងការបង្ហាញសមាជិកគណៈរដ្ឋមន្ត្រី ផងដែរ។

លោក Nerdah Mya បានប្រកាសថា ប្រជាជនការ៉ែន នឹងលែងទទួលយកការគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាទៀតហើយ ហើយនឹងខិតខំបង្កើតរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលដែលដំណើរការរលូន និងកិច្ចសហប្រតិបត្តិការជាមួយក្រុមជនជាតិភាគតិចដទៃទៀត និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា រដ្ឋកៃអ៊ីន ដែលពីមុនត្រូវបានគេស្គាល់ថាជារដ្ឋការ៉ែន គឺជារដ្ឋមួយរបស់ប្រទេសមីយ៉ាន់ម៉ា។ រាជធានីគឺ ហាប៉ាអាន ដែលសរសេរថា ប៉ាអាន។ សណ្ឋានដីរដ្ឋនេះ មានលក្ខណៈភ្នំ ដោយជួរភ្នំដូណាលាតសន្ធឹងតាមបណ្តោយរដ្ឋក្នុងទិសដៅពីឦសានទៅខាងត្បូង និងចុងខាងត្បូងនៃភ្នំការ៉ែននៅភាគពាយ័ព្យ។ វាមានព្រំប្រទល់ជាប់នឹងខេត្តម៉ែហុងសុន តាក់ និងកានចារីនៃប្រទេសថៃនៅភាគខាងកើត រដ្ឋមន និងតំបន់បាហ្គោនៅភាគខាងលិច និងខាងត្បូង និងតំបន់ម៉ាន់ដាឡេ រដ្ឋសាន និងរដ្ឋកាយ៉ានៅភាគខាងជើង៕

ដោយ៖ ពេជ្រ
