ល្មើសនឹងច្បាប់អន្តរជាតិនិងបំផ្លាញសន្តិភាពក្នុងតំបន់ ករណីដែលសហរដ្ឋអាមេរិកវាយប្រហារវ៉េណេស៊ុយអេឡាបានញ៉ាំងឱ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងក្លា

កាលពីថ្ងៃទី៤ខែមករា រដ្ឋាភិបាលនៃប្រទេសជាច្រើនបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលធ្វើឡើងចំពោះវ៉េណេស៊ុយអេឡាថា ជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ និងបំពានអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយអំពាវនាវឱ្យដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងគោរពតាមឆន្ទៈរបស់ប្រជាជនវ៉េណេស៊ុយអេឡា ។

ថ្ងៃដដែល រដ្ឋាភិបាលនៃប្រទេសចំនួន៦ រួមមានប្រេស៊ីល ស៊ីលី កូឡុំប៊ី ម៉ិកស៊ិក អ៊ុយរូហ្កាយនិងអេស្ប៉ាញបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមថា ប្រតិបត្តិការយោធាឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅលើដែនដីវ៉េណេស៊ុយអេឡាគឺល្មើសនឹង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលបានបង្កើត “គំរូប្រកបដោយគ្រោះថ្នាក់”សម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ។ ប្រទេសទាំង៦នេះសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យដោះស្រាយបញ្ហាវ៉េណេស៊ុយអេឡាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងគោរពតាមឆន្ទៈរបស់ប្រជាជនវ៉េណេស៊ុយអេឡា ហើយគូសបញ្ជាក់ថា ដំណើរការនេះចាំបាច់ត្រូវដឹកនាំដោយប្រជាជនវ៉េណេស៊ុយអេឡា ដែលមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅទៅជ្រៀតជ្រែកនោះទេ ។

លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងថា រឿងពាក់ព័ន្ធដែលកើតឡើងនៅវ៉េណេស៊ុយអេឡាបានបង្ហាញថា ច្បាប់អន្តរជាតិនិង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》កំពុងបាត់បង់ប្រសិទ្ធភាពជាក់ស្តែង ការដែលសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការយោធាចំពោះវ៉េណេស៊ុយអេឡាជាការចាប់ផ្តើមដ៏គ្រោះថ្នាក់ ករណីដូចគ្នានេះវាអាចនឹងកើតឡើងនៅគ្រប់ប្រទេសទាំងអស់ ៕

Written by 

Related posts

Leave a Comment