លោក ត្រាំ ព្រមានថា “កូឡុំប៊ី​“ អាចជាអ្នកបន្ទាប់​

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានគំរាម​ពីសកម្មភាព​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូឡុំប៊ី ដោយ​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រតិបត្តិការ​បែបនេះ “ជាជម្រើសល្អ​សម្រាប់​ខ្ញុំ”។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា ប្រទេសកូឡុំប៊ី ក៏មិនខុសពីវេណេស៊ុយអេឡាដែរ ដែលដឹកនាំដោយបុរសម្នាក់ ដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅក្នុងទីផ្សារអាមេរិក។

ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយជោគជ័យ នៅក្នុងការវាយឆ្មក់មួយ បញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉ក។

ទន្ទឹមនោះ លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា ហើយអាមេរិក នឹងបញ្ជូនក្រុមហ៊ុនសាងសង់ទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងដែលទ្រុឌទ្រោមយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់ខ្លួន។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា ដែលដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez កាលពីថ្ងៃអាទិត្យ បានប្រកាសថា រដ្ឋាភិបាលរបស់ប្រទេសនេះនឹងនៅតែរួបរួមគ្នានៅពីក្រោយលោក ម៉ាឌូរ៉ូ។

លោកស្រី Rodriguez ដែលបានឡើងកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន បន្ទាប់ពីការអនុម័តពីតុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡា ក៏បាននិយាយផងដែរថា លោក ម៉ាឌូរ៉ូ នៅតែជាប្រធានាធិបតី ហើយជំទាស់ជាសាធារណៈចំពោះការអះអាងរបស់លោក ត្រាំ ដែលថាលោកស្រី មានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment