ខេត្តរតនគិរី÷ លោក រចំ ទៀន និងលោកស្រី គុញ រៀន អភិបាលរងស្រុកអណ្តូងមាស ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចពីអភិបាលរងស្រុកអណ្តូងមាសឲ្យមកកាន់មុខតំណែងជាអភិបាលរងស្រុកអូរយ៉ាដាវ។ ពិធីផ្ទេរភារកិច្ចនេះ ត្រូវបានធ្វើឡើងនៅសាលាស្រុកអូរយ៉ាដាវ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

លោក សាម សុជាង បានលើកឡើងថា ការវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលស្រុកអូរយ៉ាដាវ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកអភិបាលរងខេត្ត ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលោក រចំ ទៀន និងលោកស្រី គុញ រៀន ដែលបានប្រកាសទទួលមុខតំណែងជាអភិបាលរងស្រុកអូរយ៉ាដាវ តាមប្រកាសលេខ ១៣២៥៨ ប្រក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងសង្ឃឹមជឿជាក់ថា លោក លោកស្រី អភិបាលរងស្រុក ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកអូរយ៉ាដាវ ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកបន្តទៀត បន្ថែមពីនេះ ត្រូវចុះពិនិត្យមើលការងារមូលដ្ឋាន នៅតាមបណ្តាភូមិ ឃុំទាំងអស់ក្នុងដែនសមត្ថកិច្ច របស់ខ្លួនឲ្យបានញឹកញាប់ និងពិនិត្យ លើការបម្រើសេវា សាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

លោក រចំ ទៀន អភិបាលរង ស្រុកអូរយ៉ាដាវថ្មី បានធ្វើការបេ្តជ្ញាចិត្តខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព.ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលស្រុក រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុងប្រកប ដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវ.ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការស្អិតល្មួតជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅលើកស្ទួយជីវភាពរស់នៅសុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយ ស្រួលដល់ការប្រកបអាជីវកម្មនានា.បម្រើសាវាសាធារណៈជូនប្រជាពលរដ្ឋ មិនរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរឲ្យមានប្រសិទ្ធភាព៕



