ខេត្តរតនគិរី÷ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ របស់រាជរដ្ឋាភិបាលផ្តល់តាមរយ:មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋភៀសសឹក គ្រួសារ វីរកងទ័ព ស្រ្តីមេម៉ាយ និងជនចាស់ជរា ចំនួន២១៥ គ្រួសារនៅស្រុកកូនមុំ ខេត្តរតនគិរី។

លោក ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ការផ្តល់អំណោយជូននាពេលនេះ គឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងនិងជួបការលំបាក។
លោកបន្តថា ក្នុងនាមថ្នាក់ ដឹកនាំខេត្ត ត្រូវធានាធ្វើយ៉ាងណាអនុវត្តឲ្យខានតែបាន នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលជាជំហានៗ។ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់នូវអំណោយដល់ប្រជាពលរដ្ឋយើង នាពេលនេះគឺជាចែករំលែកអាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈ ទេសៈ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជំនះ ការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក។
ហើយក្នុងបរិបទនេះ អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឲ្យមានការ អភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្ត ជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខ ទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជន ក្រុង-ស្រុក សំដៅបង្ករលក្ខណៈ ងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសំរេចបាន នូវគោលដៅអភិវឌ្ឍ ប្រកបដោយ និរន្តភាព ។
សូមបញ្ជាក់ថា ការផ្តល់អំណោយនាពេលនេះក្នុង១គ្រួសារ ទទួលបានត្រីខ ១យួរ. ទឹកត្រី១យួរ. មីជាតិ១កេះតូច. អង្ករ២៥ គីឡូក្រាម មុងនីឡុង. ភួយ១៕






