ខេត្តរតនគិរី÷ ក្រោម ស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គម នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឲ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម និងសង្គ្រាមជាមួយនិងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។ ការនិមន្ត ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សាមនុស្សធម៌ និងសាកលភាពសាសនា។

ក្នុងពិធីសាសនានាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។ ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថាជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី៕





