​សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណខន្ធសពវីរកងទ័ពដែលបានពលីក្នុងការការពារបូរណភាពទឹកដីនៅសមរភូមិមុខ

ខេត្តស្វាយរៀង៖រសៀលថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០២៥នេះ​សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ព្រមទាំងប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិ​ និងស្ថាប័នជាតិនានាជាច្រេីនរូបទៀតនិងឯកឧត្តម​ ម៉ែន​ វិបុល​ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណខន្ធសពលោកវរសេនីយ៍ត្រី​ ម៉ៅ​ កុសល្យ​ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខ​ ជាមួយសត្រូវសៀម​ ឈ្លានពា​នទឹកដី​នៅទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ​ក្នុងជន្មាយុ ៤២ឆ្នាំ​ ពិធីបុណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋាន​ ស្ថិតក្នុងភូមិបាសាក់​ ឃុំបាសាក់​ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងភាពសោកស្តាយស្រណោះអាល័យ​ នៃមរណភាពរបស់លោកវរសេនីយ៍ត្រី​ ម៉ៅ​ កុសល្យ​  គឺជាការបាត់បង់នូវឧត្តមស្វាមី និងឪពុក​ ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត​ ក្នុងមួយជីវិតរបស់លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ព្រមទាំងក្រុមគ្រួសារប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់នូវវីរៈយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។​ ទន្ទឹមនេះ លោកក៏បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយសត្រូវឈ្លានពាន​ ហេីយបានបង្ហាញគំរូវីរភាព និងការលះបង់របស់វីរៈកងទ័ពយេីងទាំងអស់នៅលេីសមរភូមិប្រយុទ្ធ​ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះមិនអាចបំភ្លេចបានឡេីយ។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមប្រជាជាតិខ្មែរ​ នឹងចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់លោកវរសេនីយ៍ត្រី​ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី​ ម៉ៅ​ កុសល្យ​ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕គឹមសេង

Written by 

Related posts

Leave a Comment