មនុស្ស​ស្លាប់ និងរបួសជាង ១០០នាក់ ក្នុងហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅម៉ិកស៊ិក

អាជ្ញាធរ​ម៉ិកស៊ិក​ បាន​រាយការណ៍ថា មនុស្សយ៉ាងហោចណាស់​ ១៣ នាក់​ស្លាប់ បន្ទាប់ពី​រថភ្លើង​អន្តរ​មហាសមុទ្រ​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស ២៥០ នាក់​ ជួបគ្រោះថ្នាក់ធ្លាក់​ផ្លូវ​នៅ​រដ្ឋ Oaxaca ភាគខាងត្បូង។

កងទ័ពជើងទឹក​ម៉ិកស៊ិក​ បាន​​ឱ្យដឹងថា រថភ្លើង​ដែល​ធ្លាក់​ផ្លូវ​នៅ​ជិត​ទីក្រុង Nizanda នោះ​មានអ្នកបើកចំនួន ៩ នាក់ និង​អ្នកដំណើរ ២៤១ នាក់។

ក្នុងហេតុការណ៍នេះ មនុស្សចំនួន ១៣៩ នាក់ ត្រូវបានរាយការណ៍ថា រួចផុតពីគ្រោះថ្នាក់ ខណៈ ៩៨ នាក់រងរបួស និង ៣៦ នាក់ កំពុងសង្គ្រោះបន្ទាន់។

អភិបាលរដ្ឋ Oaxaca លោក Salomon Jara Cruz បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះ ហើយនិយាយថា អាជ្ញាធររដ្ឋ កំពុងសម្របសម្រួលជាមួយភ្នាក់ងារសហព័ន្ធ ដើម្បីជួយដល់អ្នករងគ្រោះក្នុងហេតុការណ៍នេះ។  

លោកស្រី Ernestina Godoy Ramos អគ្គព្រះរាជអាជ្ញាម៉ិកស៊ិក អះអាងក្នុងការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការិយាល័យអគ្គព្រះរាជអាជ្ញាម៉ិកស៊ិក នឹងបើកការស៊ើបអង្កេតលើហេតុការណ៍នេះ។

គួរបញ្ជាក់ថា រថភ្លើងអន្តរមហាសមុទ្រ ដែលសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Andres Manuel Lopez Obrador គឺជាផ្នែកមួយនៃគម្រោងច្រករបៀងអន្តរមហាសមុទ្រដ៏ទូលំទូលាយមួយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment