សេដ្ឋកិច្ចព្រិលទឹកកក ៖ សក្តានុពលថ្មីនៃកំណើនសេដ្ឋកិច្ចជាតិចិន

កាលពីអតីតកាល តំបន់ជាច្រើននៅភាគឦសានរបស់ប្រទេសចិនតែងមានទិដ្ឋភាពស្ងប់ស្ងាត់ក្នុងរដូវរងា ពោលគឺស្ងាត់ទាំងទេសចរ ស្ងាត់ទាំងពលរដ្ឋក្នុងសហគមន៍ ដោយភាគច្រើនសម្ងំនៅតែក្នុងផ្ទះ ជាពិសេសប្រជាកសិករទូទៅមិនអាចធ្វើស្រែចម្ការបានដោយសារសីតុណ្ហភាពរងាខ្លាំង ។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងសីតុណ្ហភាពក្រោមសូន្យ២០ ,៣០ ឬសឹងតែ៤០ អង្សាសេក៏ដោយ ក៏រមណីយដ្ឋាននានានៅតំបន់ភាគឦសាននៃប្រទេសចិនមានសភាព«ក្តៅគគុក» ពោលគឺមានភ្ញៀវទេសចរណែនណាន់តាន់តាប់រីករាយជាមួយនឹងផលិតផលទេសចរណ៍ព្រិលទឹកកក ដែលត្រូវគេហៅថា«សេដ្ឋកិច្ចព្រិលទឹកកក» ។

និយាយដល់សេដ្ឋកិច្ចព្រិលទឹកកក យើងមកស្វែងយល់អំពីដំណើរវិវត្តន៍របស់វានៅក្នុងប្រទេសចិន ៖ នៅទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍ទី២០ ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង បានរៀបចំពិធីកម្សាន្តក្នុងសួនព្រិលទឹកកក ដែលជារូបរាងដំបូងនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិន ។ ឆ្នាំ១៩៩៨ ក្រុង ហាអឺពីន បានរៀបចំបុណ្យជិះស្គីលើព្រិល ដែលបានធ្វើឱ្យទីក្រុងមួយនេះចាប់ផ្តើមក្លាយជារមណីយដ្ឋានទេសចរណ៍ព្រិលទឹកកកល្បីឈ្មោះនៅប្រទេសចិន ។ ឆ្នាំ២០១៥ ក្នុងខណៈពេលដែលក្រុងប៉េកាំងបានស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយជោគជ័យ សេដ្ឋកិច្ចព្រិលទឹកកករបស់ចិនទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ដែលពុំធ្លាប់មាន ពោលគឺទំហំឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកកបានកើនឡើងពី២៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០១៥ រហូតដល់៩៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ហើយនឹងកើនលើស១ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥ នេះ ។

បើតាមលិខិតរបស់ការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលប្រកាសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលចិននឹងខិតខំជំរុញសេដ្ឋកិច្ចព្រិលទឹកកកឱ្យក្លាយជាចន្ទល់ថ្មីនៃកំណើនសេដ្ឋកិច្ចជាតិ ពោលគឺបើតាមផែនការ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកកនឹងឡើងដល់១.២ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៧ លុះដល់ឆ្នាំ២០៣០ នឹងមានទំហំសរុបលើសពី១.៥ ទ្រីលានយាន់ប្រាក់ចិន ។

ការទាញយកផលប្រយោជន៍ពីធនធានព្រិលទឹកកកធម្មជាតិដើម្បីបង្កើតជាផលិតផលទេសចរណ៍ពិសេសប្រចាំរដូវរងា បានធ្វើឱ្យផលិតផលទេសចរណ៍របស់ចិនកាន់តែសម្បូរបែប ពិសេសតំបន់ភាគឦសាននិងខាងជើងដែលគ្របដណ្តប់ដោយព្រិលទឹកកក បើមិនច្នៃប្រឌិតធនធានធម្មជាតិនេះឱ្យកើតជាប្រយោជន៍ខាងសេដ្ឋកិច្ចទេ នោះនឹងត្រូវខាតបង់ចំណូលខាងវិស័យទេសចរណ៍យ៉ាងច្រើនក្នុងរដូវរងា ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំជាច្រើនលើកថា «ដែនដីដែលគ្របដណ្តប់ដោយព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់» ដែលមានន័យថា ត្រូវប្រើប្រាស់ធនធានព្រិលទឹកកកធម្មជាតិដើម្បីបង្កើតជាទ្រព្យសម្បត្តិ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្អែកលើធនធានព្រិលទឹកកកដ៏សម្បូរបែបនិងមានលក្ខណៈពិសេស តំបន់ភាគឦសានរបស់ចិនបានច្នៃប្រឌិតនិងបញ្ចេញផលិតផលទេសចរណ៍រដូវរងាកាន់តែច្រើនឡើងៗ ពោលគឺបានវិវឌ្ឍទៅជារូបមន្ត«ទេសចរណ៍វប្បធម៌+កីឡាកម្សាន្ត» ចាប់ពីការដើរទស្សនាទេសភាពធម្មជាតិដែលគ្របដណ្តប់ដោយព្រិលទឹកកក ដល់ការទស្សនាចម្លាក់ទឹកកក រហូតដល់ការដកបទពិសោធជាមួយនឹងវប្បធម៌ព្រិលទឹកកកឬកីឡាកម្សាន្តព្រិលទឹកកកដោយផ្ទាល់ ដូចជាការជិះស្គី , ការស្ទូចត្រីលើបឹងឬទន្លេទឹកកក និងការឡើងភ្នំព្រិលជាដើម ។ «ផលិតផលទេសចរណ៍ព្រិលទឹកកកប្រពៃណី+ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មី» មិនត្រឹមតែបានជំរុញដល់ការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញដល់ការអភិវឌ្ឍនៃឧស្សាហកម្មផលិតសម្ភារៈពាក់ព័ន្ធ និងសេវាកម្មទេសចរណ៍ជាដើមដែលបង្កើតបានជាខ្សែចង្វាក់ឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកកដ៏ពេញលេញ ។

ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង ដែលស្ថិតនៅភាគឦសានប្រទេសចិនជាតំបន់គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកករបស់ប្រទេសចិន ។ «សួនពិភពលោកព្រិលទឹកកក»ដែលបើកទទួលភ្ញៀវរៀងរាល់រដូវរងា បានក្លាយជា«នាមបណ្ណមាស»នៃឧស្សាហកម្មទេសចរណ៍រដូវរងារបស់ក្រុង ហាអឺពីន ដែលបានបង្កើនចំណូលសេដ្ឋកិច្ចច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រដ្ឋបាលតំបន់និងពលរដ្ឋនៅតំបន់ជុំវិញ ។ «ចម្លាក់ទឹកកក+បច្ចេកវិទ្យាភ្លឺពណ៌វៃឆ្លាត+អន្តរកម្មAI»បានផ្តល់ជូនទេសចរនូវទស្សនីយភាពវប្បធម៌ប្រពៃណីចិន+បច្ចេកវិទ្យា ដែលបានទាក់ទាញទេសចរគ្រប់វ័យនិងគ្រប់ជាតិសាសន៍ គ្រាន់តែបើកទ្វារថ្ងៃទីមួយ សួនកម្សាន្តនេះក៏ទទួលបានភ្ញៀវទេសចរជាង៤.៥ ម៉ឺននាក់ ។ តាមទិន្នន័យស្ថិតិ សេដ្ឋកិច្ចព្រិលទឹកកកបានរួមចំណែករហូតដល់ទៅជិត៣០% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ក្រុង ហាអឺពីន ក្នុងឆ្នាំ២០២៤ ដែលបានបង្ហាញពីភាពចាស់ទុំនិងប្រសិទ្ធភាពនៃរូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចព្រិលទឹកកករបស់ក្រុង ហាអឺពីន ។

ក្រៅពីនេះ នៅតំបន់ជាច្រើននៃប្រទេសចិនដែលមានធនធានព្រិលទឹកកក ក៏បានខិតខំស្វែងរកវិធីសាស្ត្រថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកទៅតាមលក្ខខណ្ឌរបស់ខ្លួនផងដែរ តួយ៉ាងដូចជាតំបន់ស៊ីនជាំង , ម៉ុងហ្គោលីក្នុងនិងក្រុងប៉េកាំងជាដើម បាននាំគ្នាបញ្ចេញផលិតផលទេសចរណ៍ព្រិលទឹកកកថ្មីៗ ដែលធ្វើឱ្យ«China Travel»មានភាពពេញនិយមគ្រប់រដូវកាល ។

 កាលពីដើម រដូវរងាត្រូវបានប្រជាជនចិនហៅថា«រដូវកាលមានទេសចរតិច» ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយជា«រដូវកាលមាសនៃវិស័យទេសចរណ៍» ។ ការងើបឡើងនៃសេដ្ឋកិច្ចព្រិលទឹកកក បានជំរុញការងើបឡើងនៃវិស័យពាក់ព័ន្ធ គិតត្រឹមតែក្នុងឆ្នាំ២០២៤ ក៏មានសហគ្រាសប្រកបអាជីពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ព្រិលទឹកកកចំនួនជាង១.៣ ម៉ឺនសហគ្រាសដែលកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។

ក្នុងដំណើរការអភិវឌ្ឍន៍«សេដ្ឋកិច្ចព្រិលទឹកកក» នវានុវត្តន៍ខាងគោលនយោបាយបន្ស៊ីគ្នាជាមួយតម្រូវការទីផ្សារ បានក្លាយជាកម្លាំងចលករថ្មីសម្រាប់ជំរុញទាំងការប្រើប្រាស់និងការបង្កើនចំណូលរបស់ប្រជាជន ។ ផលលាភដែលបានពី«ភ្នំមាសភ្នំប្រាក់»នេះនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសចិនជាបន្តបន្ទាប់ ក៏ដូចជាបានចែករំលែកឱកាសទីផ្សារថ្មីជាមួយពិភពលោកទាំងមូលផងដែរ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment