ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការអនុម័តផែនការក្នុងការបង្កើតនាវាចម្បាំងថ្មីស្រឡាង ២ គ្រឿង សម្រាប់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

លោក បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋ Florida កាលពីថ្ងៃចន្ទថា វាជាកិត្តិយសដ៏ធំធេងរបស់លោក ដែលបានអនុម័តផែនការដ៏សំខាន់សម្រាប់កងទ័ពជើងទឹក ក្នុងការចាប់ផ្តើមផលិតនាវាចម្បាំងថ្មីចំនួន ២គ្រឿង ដែលអស្ចារ្យបំផុត។ មេដឹកនាំអាមេរិករូបនេះ អះអាងថា វានឹងក្លាយជានាវាល្អបំផុតនៅលើពិភពលោក ហើយវាធំ និងទំនើបជាងគេបំផុត។
ទន្ទឹមនោះ លោក ត្រាំ ក៏បានបញ្ជាក់ថា សម្រាប់នាវាប្រភេទនេះ សហរដ្ឋអាមេរិក មានសមត្ថភាពបង្កើតបានដល់ទៅចំនួន ២០-២៥ គ្រឿង ឯណោះ។ ប៉ុន្តែជាជំហានដំបូងចាប់ផ្តើមផលិត ២ គ្រឿងជាមុនសិន ហើយនឹងបន្ត ៨ គ្រឿងទៀត និងដំណាក់កាលចុងក្រោយនឹងសម្រេច ២០-២៥ គ្រឿង តែម្ដង។
ទោះជាយ៉ាងណា លោក ត្រាំ នៅមិនទាន់បញ្ជាក់កាលបរិច្ឆេទអំពីផែនការនេះទេ ដោយកត់សម្គាល់ថា នាវានេះ មានទម្ងន់លើសពី ៣០.០០០-៤០.០០០ តោន។
លោក ត្រាំ បន្តថា នាវាចម្បាំងទាំងនោះនឹងត្រូវបានបំពាក់ដោយកាំភ្លើង និងមីស៊ីលកម្រិតខ្ពស់បំផុត។ លើសពីនេះ ក៏មានអាវុធល្បឿនលឿនជាងសំឡេង បច្ចេកវិទ្យាទំនើប កាំភ្លើងរថភ្លើងអគ្គិសនី និងសូម្បីតែឡាស៊ែរដែលមានថាមពលខ្ពស់ផងដែរ។ ខណៈអាវុធនុយក្លេអ៊ែរ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍៕

ដោយ៖ ពេជ្រ
