រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយថា លោក សង្ឃឹមថាបទឈប់បាញ់រវាងថៃ-កម្ពុជា នឹងសម្រេចបានឡើងវិញ នៅដើមសប្តាហ៍ក្រោយ ដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នា។

លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា យើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យភាគីទាំងសងខាងគោរពតាម ដែលអាចនឹងចាប់ពីថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយ។
រដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍អាស៊ាន គ្រោងនឹងចាប់ផ្ដើមកិច្ចប្រជុំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នៅទីក្រុងគូឡាឡាំពួរ ជុំវិញបញ្ហាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។
លោក Rubio បានហៅទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow ហើយនឹងបន្តការសន្ទនាបន្ថែមទៀត នៅចុងសប្តាហ៍នេះ។
លោក បន្តថា ការប្តេជ្ញាចិត្ត កាលពីលើកមុន មិនជោគជ័យទេ ដោយភាគីទាំង ២ នៅតែបន្តការប្រយុទ្ធ ដូច្នេះ នឹងត្រូវត្រឡប់ចូលតុចរចាវិញ។
គួរបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា នឹងប្រព្រឹត្តទៅនៅដើមសប្ដាហ៍ក្រោយនេះ បន្ទាប់ពីមានការពន្យារពេលតាមការស្នើសុំរបស់ភាគីថៃ ខណៈការគ្រោងទុកគឺថ្ងៃទី ១៥ ៕

ដោយ៖ ពេជ្រ
