យោធាសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសស៊ីរី។

យោងតាមរបាយការណ៍កាសែត The New York Times រាយការណ៍ថា ប្រតិបត្តិការនេះ អាមេរិក ប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ខណៈទីតាំង IS រាប់សិបកន្លែងត្រូវបានវាយប្រហារ រួមទាំងឃ្លាំងគ្រាប់រំសេវផងដែរ។
នៅថ្ងៃទី ១៣ ខែធ្នូ មន្ទីរបញ្ចកោណ បានឱ្យដឹងថា សមាជិកឆ្មាំជាតិសហរដ្ឋអាមេរិក ២ នាក់ និងអ្នកបកប្រែស៊ីវិលជនជាតិអាមេរិកម្នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលឧប្បត្តិហេតុនៅ Palmyra នៃក្រុង Homs ប្រទេសស៊ីរី។ យោងតាមភាគីអាជ្ញាធរសហរដ្ឋអាមេរិក បញ្ជាក់ថាពួកគេ បានជួយប្រតិបត្តិការពិសេសប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅក្នុងតំបន់។
ក្រោយហេតុការណ៍នោះកើតឡើងភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បានបង្ហោះនៅលើបណ្តាញសង្គម X ថា ការសម្លាប់ នឹងត្រូវសងវិញដោយការសម្លាប់។ មិនយូរប៉ុន្មាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសន្យាសងសឹកចំពោះការវាយប្រហារនេះ ដូចគ្នា៕


ដោយ៖ ពេជ្រ
