យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំនេះនឹងពិភាក្សាលើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»
ក្លិបអ្នកកាសែតកម្ពុជាបញ្ជាក់ថា “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន “ គឺជាប្រធានបទនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២២ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
វ.ន.ស.ក គឺជាវេទិកាប្រចាំឆ្នាំដ៏ធំរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយបានលើកយកប្រធានបទសំខាន់ៗទាក់ទងនឹងបច្ចុប្បន្នភាព ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន។
ការលើកយកប្រធានបទខាងលើមកពិភាក្សាគឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែម ក៏ដូចជាការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឲ្យជម្លោះកាន់តែរីករាលដាលជាដើម។
វ.ន.ស.ក ក៏នឹងមានការអំពាវនាវផងដែរដល់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ឲ្យមកយកព័ត៌មានដោយផ្ទាល់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវមានតុល្យភាព និងមានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្រ្គាមកម្ពុជា-ថៃ។
អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័តមាននឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២ នេះ៕






