ទួរគី ព្រមានប្រឆាំងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រីករាលដាលដល់សមុទ្រខ្មៅ

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា ការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រខ្មៅ បង្កើតហានិភ័យសន្តិសុខដល់ការធ្វើនាវាចរណ៍។

លោក Erdogan បានលើកឡើងក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតទួរគីប្រចាំប្រទេសបរទេសថា ការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវាស៊ីវិលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្កើតជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនាវាចរណ៍នៅក្នុងសមុទ្រខ្មៅ។ នេះមិនមានផលចំណេញទេ។ យើងចេញការព្រមានយ៉ាងច្បាស់ដល់ភាគីទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) ទាក់ទងនឹងបញ្ហានេះ។

មេដឹកនាំទួរគី បានរំលឹកថា ប្រទេសលោក ផ្តល់កន្លែងសម្រាប់កិច្ចចរចាដោយផ្ទាល់ចំនួនបីជុំរវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ ឆ្នាំនេះ លោក បានរៀបចំកិច្ចប្រជុំចំនួន ៣ នៅទីក្រុងអ៊ីស្តង់ប៊ុលរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ ដើម្បីរក្សាទំនាក់ទំនងពិសេសជាមួយគ្នា។

លោក ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសទួរគី ចំពោះអនុសញ្ញា Montreux ដែលគ្រប់គ្រងការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រ។ លោក Erdogan បានសង្កត់ធ្ងន់ថា «យើងកំពុងទប់ស្កាត់សង្គ្រាមមិនឱ្យរីករាលដាលដល់សមុទ្រខ្មៅ ដោយគោរពតាមអនុសញ្ញា Montreux យ៉ាងតឹងរ៉ឹង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មាននាវាដែលបំពាក់ទង់ជាតិរុស្ស៊ី រងការវាយប្រហារដែលអះអាងថាជាស្នាដៃរបស់យោធាអ៊ុយក្រែន ដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅសមុទ្រខ្មៅ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment