រដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ បានថ្កោលទោសការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការបិទខ្ទប់ផ្លូវនាវាដឹកប្រេងទាំងអស់ធ្វើដំណើរចេញចូលប្រទេសខ្លួន ដោយចាត់ទុកសកម្មភាពនេះថាជាការរំលោភលើច្បាប់អន្តរជាតិ និងសន្យាថានឹងលើកឡើងបញ្ហានេះនៅចំពោះមុខអង្គការសហប្រជាជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវេណេស៊ុយអេឡា បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើសកម្មភាពដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសនេះ ដោយអះអាងថារំលោភលើច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរី និងសេរីភាពនៃការធ្វើនាវាចរណ៍។
ទន្ទឹមនោះ លោក ត្រាំ អះអាងថា ធនធានប្រេង ទឹកដី និងរ៉ែរបស់ប្រទេសវេណេស៊ុយអេឡា ជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដោយទាមទារឱ្យមេដឹកនាំប្រទេសនេះចុះចាញ់ជាបន្ទាន់ ហើយព្រមានបិទផ្លូវនាវាដែលមានគោលបំណងដាក់សម្ពាធលើក្រុងការ៉ាកាស។
ទោះជាយ៉ាងណា ប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពរបស់ខ្លួនលើធនធានធម្មជាតិរបស់ខ្លួន និងសិទ្ធិរបស់ខ្លួនក្នុងការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មដោយសេរីនៅក្នុងសមុទ្រការ៉ាប៊ីន និងដែនទឹកអន្តរជាតិ ដោយបន្ថែមថា ខ្លួននឹងធ្វើសកម្មភាពស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង។
ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ តំណាងអចិន្ត្រៃយ៍របស់ប្រទេសវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ ត្រៀមដាក់ពាក្យបណ្តឹងជាផ្លូវការបន្ទាន់រួចរាល់ហើយ៕

ដោយ៖ ពេជ្រ
