ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការប្រទះឃើញនាវាផ្ទុកយន្តហោះថ្មីបំផុត និងទំនើបបំផុតរបស់ចិន គឺនាវា Fujian ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដែលមិនធ្លាប់មាន សម្រាប់វត្តមាននាវានេះ។

នេះជាការឆ្លងកាត់ផ្លូវទឹកដ៏រសើបលើកដំបូងរបស់នាវាចិននេះ បន្ទាប់ពីប្រកាសឱ្យបម្រើវិស័យការពារជាផ្លូវការ កាលពីខែមុន។
តៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាទឹកដីរបស់ខ្លួន បានរាយការណ៍ពីសកម្មភាពយោធាចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ ដែលអាជ្ញាធរក្រុងតៃប៉ិ ចាត់ទុកថាជាយុទ្ធនាការដាក់សម្ពាធជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា នាវា Fujian ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហើយកងកម្លាំងតៃវ៉ាន់ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
ទន្ទឹមនោះ ក្រសួង ក៏បានបញ្ចេញនូវរូបភាពសខ្មៅដែលបង្ហាញថា ពិតជានាវាចិន ដែលលេចវត្តមាននៅច្រកសមុទ្រតៃវ៉ាន់ ពិតមែន។
ទោះជាយ៉ាងណា ក្រសួងការពារជាតិចិន មិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញបញ្ហានេះនៅឡើយនោះទេ៕

ដោយ៖ ពេជ្រ
