រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា នៅព្រឹកនេះបានជួបប្រជុំបន្ទាន់ជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីជួសជុល និងស្តារឡើងវិញស្ពានជ័យជម្នះ (ស្ពានមេទឹក)ដែលត្រូវបានទាហានឈ្លានពានថៃ ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា “ នៅចំពោះស្ថានភាពបែបនេះ យើងកំពុងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល និងធ្វើផ្លូវវាង ដើម្បីធានាការតភ្ជាប់ សម្រួលដល់ការធ្វើចរាចរឡើងវិញ”។
សូមបញ្ជាក់ថា ស្ពានជ័យជំនះ (ស្ពានមេទឹក) ត្រូវបានស្ថាបនារួចរាល់នៅក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះមានចំងាយពីព្រំដែនប្រមាណ ៨គីឡូម៉ែត្រ ដែលជាច្រកតភ្ជាប់ទៅកាន់ឃុំថ្មដារ ស្រុកវាលវែង៕

