ជិះម៉ូតូបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ពីរនាក់នៅសង្កាត់យក្ខឡោម

ខេត្តរតនគិរី÷ ជនជាតិទំពួនពីរនាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកគូទរថយន្តវេអងដឹកដំឡូងមី បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៩នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខចម្ការលោក ប៊ូ ឡាំ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

លោកម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ក្បាលពាក់ស្លាកលេខ កំពង់ចាម 3B-9495 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ សៀមរាប 4A-0017

បានដឹកដំឡូងមីពេញប្រៀប អ្នកបើកបររថយន្តឈ្មោះ ហុក ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅបច្ចុប្បន្នភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម ធ្វើដំណើរពីលិចមកកើត ខណៈពេលនោះដែរម៉ូតូ១គ្រឿងបានធ្វើដំណើរស្របទិសគ្នាមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យដេកដួលនៅខាងក្រោយរថយន្ត ដោយអ្នកបើកបរឃើញសភាពការណ៍មិនស្រួល ដាក់ក្រមួនគូទបាត់ស្រមោលតែម្តង។

លោក ម៉ា សំអាត បានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ខ្លោង ប្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ  មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាជាន់ ឃុំឯកភាព ស្រុកអូរជុំ  ខេត្តរតនគិរី មិនបានពាក់មួកសុវត្ថិភាព បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បើកបរម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម សេ125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-6530 បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

   អ្នករួមដំណើរឈ្មោះ ជ្រីម ខ្លីភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាជាន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី មិនបានពាក់មួកសុវត្ថិភាព ស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈបើកបរម៉ូតូក្នុងទិសដៅស្របទិសគ្នាពីលិចមកកើត។

    ដោយមូលហេតុ បណ្ដាលមកពីអ្នកប្រើប្រាស់ម៉ូតូបើកបរក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកគូទរថយន្ដពីក្រោយដែលកំពុងចតនៅស្ងៀមលើដងផ្លូវជាតិលេខ៧៨យ៉ាងពេញទំហឹង សង្ស័យរថយន្តខាងលើនេះពុំបានដាក់ភ្លើងសញ្ញាសុំផ្លូវឲ្យអ្នកធ្វើដំណើរពីក្រោយបានដឹងឬក៏យ៉ាងណានោះទេ ធ្វើឲ្យជនរងគ្រោះពីរនាក់បាត់បង់អាយុជីវិត។

សពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចជំនាញបានធ្វើកំំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចទំពួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗនិង រឹបអូសយកមធ្យោបាយទាំងពីរគ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ប៉ុន្តែម្ចាស់រថយន្តដឹកដំឡូងមីបានសុំយកដំឡូងមីចេញដើម្បីឲ្យយកដំឡូងមីទៅលក់នៅប្រទេសវៀតណាម ហើយរថយន្តបង្កបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment