ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធទទួលបណ្តឹងតាមកម្មវិធីទូរស័ព្ទដៃនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមក៏បានឱ្យដឹងដែរថា ចាប់តាំងឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួល ២២បណ្ដឹង ច្រើនជាងចំនួនបណ្តាក្នុងឆ្នាំ២០២៣ ប្រមាណជា ៣ដង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមឆមាសទី១ និ យ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្តឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញចំនួន ២២បណ្តឹង។ ការណ៍នេះ បង្ហាញឱ្យឃើញថា សារធាណជន កាន់តែមានការយល់ដឹងស៊ីជម្រៅអំពីវិស័យធានារ៉ាប់រង ជាពិសេសយន្តការនៃការទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
ឯកឧត្តម សង្ឃឹមថា នាពេលអនាគតយន្តការដោះស្រាយបណ្តឹងតាមប្រព័ន្ធអនឡាញនេះ នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។

យោងតាមរបាយការណ៍ពីនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា នាដំណាច់ឆ្នាំ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ ៣៧៥លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៥ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមាន ១២ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៧ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៥ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១ ក្រុមហ៊ុន។ ទោះជាយ៉ាងណា បើពិនិត្យលើអត្រាភាគទានក្នុងសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រង ឃើញថា នៅមានកម្រិតទាបធៀបនឹងតំបន់ ដែលនេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍ ប៉ុន្តែនៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ បញ្ហាប្រឈមចំបង គឺកង្វះទំនុចចិត្តរបស់ប្រជាជនលើគុណភាពសេវា ដោយកង្វះយន្តការសម្រាប់ប្រជាជនធ្វើបណ្តឹងដើម្បីទទួលដំណោះស្រាយសមស្រប និងច្បាស់លាស់គួរឱ្យទុកចិត្តបាន៕




