មន្ទីរព័ត៌មានខេត្តរតនគិរី សហការជាមួយរដ្ឋបាលខេត្តរៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”  

ខេត្តរតនគិរី÷ យុទ្ធនាការនេះរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ  ឆ្នាំ២០២៥ នៅត្រង់ចំណុចរូបសំណាកគ្រួសារដំរី ក្រោមអធិបតី លោក ស៊ូ សិរី​ អភិបាលរង​ខេត្ត​ និងមានការចូលរួមពីលោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ព័ត៌មាន កងកម្លាំងទាំងបី ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត យុជនស.ស យ ក យុវជនស្រឡាញ់សន្តិភាព យុវជនកាកបាទក្រហម,អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស សរុបចំនួន១៥០នាក់។

លោក កុល ផាន់ណា  ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានលើកឡើងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅខេត្តរតនគិរី នាពេលនេះ ស្ថិតក្រោមប្រធានបទ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» Say No To Fake News បានចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្តទាំង២៥ យុវជន អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបចំនួនប្រមាណ១ពាន់នាក់។

យុទ្ធនាការនេះ និងត្រូវបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២​០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

ដោយឡែក ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់វេនខេត្តរតនគិរី អនុវត្តន៍ដំណើរការយុទ្ធនាការ នេះដើម្បីបញ្ជ្រាបការយល់ដឹងឲ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន  និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកក្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឲ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។ហើយគ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែបានជះឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហឹង្សា ដែលបណ្តាលឲ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឲ្យមានការបែកបាក់សាមគ្គីក្នុងសង្គម។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី បានសម្តែងការគាំទ្រ ចំពោះយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លែង ដោយលោកបានចាត់ទុកព័ត៌មានក្លែងក្លាយគឺជាព័ត៌មានមិនពិត ដោយចេតនា ឬអចេតនា ផ្សព្វផ្សាយតាមបណ្តាញសង្គម​ និងបង្កើតឡើង​ ឬចែកចាយ ដោយមានបំណងបំភាន់មតិសាធារណៈ។ ដូច្នេះនូវរាល់ពេលប្រើប្រាស់បណ្តាញសង្គមត្រូវគិតដល់គ្រោះថ្នាក់ដែលអាចនឹងកើតឡើងគ្រប់ពេល ជាពិសេសលើបណ្តាញសង្គម ឬគណនីដែលគ្មានប្រភពច្បាស់លាស់ ដែលតម្រូវឲ្យយើងចេះត្រិះរិះពិចារណា រកហេតុផល ស្វែងរកប្រភពជាក់លាក់ ទើបយើងអាចជៀសផុតពីការជឿខុស និងខូចប្រយោជន៍ទាំងខ្លួនឯងផ្ទាល់ និងសង្គមជាតិ។

លោកបន្តថា ព័ត៌មានក្លែងក្លាយមានច្រើនទម្រង់ អាចមានជាដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ទាំងអស់នេះជាព័ត៌មានក្លែងក្លាយ។ ដូច្នេះសូមប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ចូលរួមទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន បង្កើនការផ្សព្វផ្សាយជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នាអនុវត្តវិធានការទប់ស្កាត់ និងកម្ចាត់ព័ត៌មានក្លែងក្លាយដោយផ្សាយព័ត៌មានពិត។

សូមបញ្ជាក់ថា យុទ្ធនាការ បានធ្វើការហែក្បួនចេញពីចំណុចរូបសំណាកគ្រួសារដំរី ឆ្ពោះមករូបសំណាក អកមាត់បឹងកន្សែង ក្រោមសម្រែកជ័យឃោស និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News យ៉ាងកងរំពងផងដែ៕

Written by 

Related posts

Leave a Comment