ទីភ្នាក់ងារ Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា ទួរគី មានបំណងបើករោងចក្រផ្គុំយន្តហោះគ្មានមនុស្សបើកថ្នាក់យោធា សម្រាប់ផលិតកម្មនាំចេញនៅក្នុងប្រទេសប៉ាគីស្ថាន។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារនេះ បានបន្ថែមថា ការចរចាលើគម្រោងបើករោងចក្រផ្គុំយន្តហោះគ្មានមនុស្សបើកវាយប្រហារបំបាំងកាយ និងយន្តហោះធន់គ្រាប់នៅក្នុងប្រទេសប៉ាគីស្ថាន កើតឡើងតាំងពីខែតុលា ដោយកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ទីក្រុងអង់ការ៉ា ដើម្បីបង្កើនការនាំចេញការពារជាតិ។
របាយការណ៍នេះ បញ្ជាក់ថា ទួរគី បានធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 រាប់សិបគ្រឿងនៅប៉ាគីស្ថាន ហើយឥឡូវនេះមានគោលបំណងចូលរួមជាមួយទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងកម្មវិធីសម្រាប់បង្កើតយន្តហោះចម្បាំងជំនាន់ទី ៥ របស់ទួរគី គឺ Kaan។
ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិរបស់ប្រធានាធិបតីទួរគី លោក Haluk Gorgun បាននិយាយថា ការនាំចេញការពារជាតិរបស់ប្រទេសក្នុងរយៈពេល ១១ ខែ ដំបូងនៃឆ្នាំ ២០២៥ នេះកើនឡើង ៣០ ភាគរយ ដោយឈានដល់កំណត់ត្រា ៧.៥ ពាន់លានដុល្លារ៕



ដោយ៖ ពេជ្រ
