នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ការហ្វឹកហ្វឺន បំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី១០ ឆ្លងកាត់ទីប្រជុំជនផ្លូវឆ្លាយ និងតំបន់ព្រៃភ្នំ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានចាត់ទុកថា វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធុនធ្ងន់ឆ្លងកាត់ទីប្រជុំជនផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំ នាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ យល់ដឹងឲ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង ។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានផ្តាំផ្ញើរដល់កម្មសិក្សាទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អសកសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ៕





