​សិស្ស និងមន្ត្រីរាជការ ប្រមាណ ៣៥០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការបណ្តុះបណ្តាលឱ្យបានច្រើនបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួង បានផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដៃគូ ដល់សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C អាហារូបករណ៍បង្កើនសមត្ថភាពដល់មន្ត្រី រាជការរបស់ក្រសួង និងការបណ្តុះបណ្តាលវគ្គខ្លីជំនាញឌីជីថល បានប្រមាណ ៣៥០០ នាក់។

ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងបន្ថែមថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់រួចហើយ។ បន្ថែមលើនេះ ក្រសួង ក៏បានទទួលការអនុញ្ញាតឱ្យបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ សម្រាប់សិស្សដែលពុំទទួលបានអាហារូបករណ៍ ឬសិស្សដែលពុំមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែមានបំណងចង់សិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សាផងដែរ។

ក្រៅពីការបណ្តុះបណ្តាល ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏យកចិត្តទុកដាក់លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការអប់រំ ដូចជា ការអនុវត្តសាកល្បងថ្នាក់រៀនឌីជីថលនៅសាលាបឋមសិក្សាគោលដៅចំនួន ៦០ ការអនុវត្តសាកល្បងគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ការផ្តល់ជូនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដៃគូ ការជួយគាំទ្រដល់ការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ការជួយពិនិត្យនិងកែលំអកម្មវិធីសិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សា ព្រមទាំងការធ្វើ យុទ្ធនាការផ្សព្វផ្សាយបញ្ញាបចំណេះដឹងឌីជីថលតាមមធ្យោបាយនានា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាគោលដៅដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវជំនាញឌីជីថល ក្រសួងនឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ឱ្យ បានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ៕

Written by 

Related posts

Leave a Comment