មុនប៉ះ Johor ខ្សែការពារស្វាយរៀង Odawara ៖ គ្មានអ្វីត្រូវខ្លាច ឬបារម្ភពីការចាញ់ឡើយ

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុមខ្លាំង Johor Darul Ta’zim FC ខ្សែការពារជនជាតិជប៉ុន​ Odawara Takashi បានបញ្ជាក់ថា «ទោះបីពួកគេ(ក្លិប Johor ​​​) សប្បូរដោយកីឡាករមានគុណភាព និងមានបទពិសោធន៍លេងនៅអឺរ៉ុបក៏ដោយ តែតាមរយៈការទស្សនាការប្រកួតប៉ុន្មានប្រកួតចុងក្រោយរបស់គាត់ យើងដូចជាអត់មានអ្វីត្រូវខ្លាច ឬគិតថា ខ្លួនត្រូវចាញ់ការប្រកួតនោះទេ។ ពាក់ព័ន្ធនឹងស្មារតីរបស់យើង គឺល្អមែនទែន ដោយយើងមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ»។

​​​​សូមជម្រាបថា ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។

គួរដឹងថា នេះគឺជាការប្រកួតទី៣ ក្នុងពូលរបស់ក្រុមទាំងពីរ ខណៈបច្ចុប្បន្ន Johor Darul Ta’zim FC កំពុងឈរកំពូលតារាង រកបាន ៦ពិន្ទុ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខ២ រកបាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតក្រៅដីឈ្នះ ១ និងចាញ់ ១។ នេះគឺជាការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា មុនបន្ដជួបក្រុមបាតតារាង Bangkok United របស់ថៃ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខ៕

Written by 

Related posts

Leave a Comment