បុរសជនជាតិខ្មែរ ២នាក់ជាសន្តិសុខ ត្រូវបានបុរសជនជាតិថៃចាក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅក្នុងផ្ទះល្វែងមួយក្នុងបុរីសាន ស៊ានហូរ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ បុរសជនជាតិខ្មែរជាសន្ដិសុខ ២នាក់ ត្រូវបានជនជាតិថៃ២នាក់ដែលសង្ស័យអ្នកញៀនគ្រឿងញៀន  បានកាន់កាំបិតដេញចាក់ បណ្តាលអោយស្លាប់ម្នាក់និងម្នាក់ទៀតរត់គេចទាន់ កើតហេតុនាវេលាម៉ោង១១:០០នាទីកណ្តាលថ្ងៃត្រង់ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ នៅក្នុងបុរីសាន ស៊ានហូ ភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាន អធិការដ្ឋាននិងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងកងរាជអាវុធហត្ថបានកំពុងហ៊ុមព័ទ្ធទីតាំងកើតហេតុដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញា និងបានបញ្ជាក់ថា មិនទាន់ផ្តល់ព័ត៌មានបានៅទ្បើយទេ ។

បើតាមសន្តិសុខម្នាក់ដែលរងរបួសក្នុងហេតុការណ៍នេះបានឱ្យដឹងថា  នៅក្នុងផ្ទះកើតហេតុមានជនជាតិថៃប្រុសស្រីសរុបចំនួន៩នាក់ ហើយនៅពេលកើតហេតុ ក៏ស្រាប់តែមានជនជាតិថៃពីរនាក់បានមកវាយ និងចាក់បណ្ដាលឲ្យសន្តិសុខគ្នាគាត់ម្នាក់ស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះកើតហេតុតែម្តង។

ចំណែកប្រជាពលរដ្ឋរស់នៅជិតខាងកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើ គេសង្កេតឃើញមានជនជាតិថៃស្នាក់នៅជាន់លើ ហើយពេលល្ងាចៗតែងចេញតាមវេរ៉ង់ដារដើម្បីជក់បារី ជជែកគ្នា ។ ប៉ុន្តែពុំដឹងថា ជនជាតិថៃទាំងនោះប្រកបរបរឬធ្វើអ្វីទេគឺឃើញមានតែកម្លាំងសន្តិសុខខ្មែរយាមកាមយ៉ាងតឹងរ៉ឹង ម៉ត់ចត់ណាស់ ។ បន្ទាប់មក គេឃើញកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនបុរសជនជាតិថៃ២នាក់ ហើយព្យាយាមរារាំង ការពារពីកំហឹងរបស់ពលរដ្ឋនិងសាច់ញាតិជនរងគ្រោះចង់បញ្ចេញកំហឹង។

ទោះជាយ៉ាងណា កម្លាំងជំនាញនគរបាលនិងអាវុធហត្ថនៅប៉ោយប៉ែតបាននឹងកំពុងបន្តដុតដៃដុតជើងស្រាវជ្រាវបន្តករណីឃាតកម្មខាងលើ នេះផងដែរ៕

Written by 

Related posts

Leave a Comment