មេដឹកនាំហុងកុង លោក John Lee បានបញ្ជាឱ្យបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតមូលហេតុនៃអគ្គីភ័យដ៏សាហាវដែលឆាបឆេះ កាលពីសប្ដាហ៍មុន ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥១ នាក់។

កាលពីថ្ងៃពុធសប្តាហ៍មុន អគារចំនួន ៧ ខ្នងក្នុងចំណោមអគារចំនួន ៨ នៅតំបន់លំនៅដ្ឋាន Wang Fuk Court ដែលជួសជុលឡើងវិញ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងខ្លាំងក្លា។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកស៊ើបអង្កេត បានរកឃើញថា សំណាញ់ការពារដែលប្រើជុំវិញអគារគឺមិនត្រូវតាមស្តង់ដារដែលអាចធន់នឹងអណ្តាតភ្លើងនោះទេ។
មនុស្សយ៉ាងហោចណាស់ ១៣នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាប្រព្រឹត្តអំពើមនុស្សឃាត រួមមានទាំងនាយកក្រុមហ៊ុនសំណង់មួយផងដែរ។
អគ្គីភ័យនេះ គឺជាអគ្គីភ័យដ៏សាហាវបំផុតដែលមិនធ្លាប់មានអស់រយៈពេលជាង ៧០ ឆ្នាំ ហើយចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈដែលមន្ត្រីកំពុងបន្តស្វែងរកសាកសព៕

ដោយ៖ ពេជ្រ
