សហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលរហូតមកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានថា មិនត្រឹមតែនៅក្នុងប្រទេសវេណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសអាមេរិកឡាទីនផ្សេងទៀតផងដែរ។

លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោក ឮថាប្រទេសកូឡុំប៊ី កំពុងផលិតកូកាអ៊ីន។ ពួកគេមានរោងចក្រផលិតកូកាអ៊ីន ហើយបន្ទាប់មកពួកគេលក់កូកាអ៊ីនរបស់ពួកគេមកឱ្យយើង។
លោក បានព្រមានថា អ្នកណាដែលកំពុងធ្វើសកម្មភាពបែបនោះ ហើយលក់វាទៅឱ្យប្រទេសយើង គឺត្រូវទទួលរងការវាយប្រហារ មិនមែនគ្រាន់តែប្រទេសវេណេស៊ុយអេឡានោះទេ។
សហរដ្ឋអាមេរិក បានវាយប្រហារទូកដឹកគ្រឿងញៀនអស់រាប់សិបគ្រឿងមកហើយ ដែលខ្លួនអះអាងថាព្យាយាមចូលមកកាន់ទឹកដី ខណៈសម្លាប់មនុស្សជាច្រើននាក់។ ការវាយប្រហារទូកដឹកគ្រឿងញៀននេះដែរ បានបង្កឱ្យមានភាពតានតឹងជាមួយប្រទេសវេណេស៊ុយអេឡា ដោយចោទថាប្រទេសនេះ មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំង៕


ដោយ៖ ពេជ្រ
