ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំ២០២៥ នេះស្រូបទាញបានអ្នកចុះឈ្មោះចូលរួមដល់ទៅជាង១៦០០០នាក់។
ឯកឧត្ដមលោកសង្កត់ធ្ងន់ថា នេះជាកំណត់ត្រាពិសេសថ្មីមួយ និងបានកើតឡើងក្នុងគម្រប់ខួបទី៣០នៃព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងដ៏ធំមួយនេះនៅកម្ពុជា។ ឯកឧត្ដមបន្ថែមថា កំណើននៃការចុះឈ្មោះចូលរួមរត់ដ៏ច្រើនសន្ធឹកសន្ធាប់ បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើនរបស់ព្រឹត្តិការណ៍ ក៏ដូចជាការរីកចម្រើន ការអភិវឌ្ឍ និងសុខសន្តិភាពរបស់ប្រទេសជាតិ។
កំណើននៃអ្នកចូលរួមក៏នឹងជួយដល់វិស័យទេសចរណ៍ ធុរកិច្ច និងអាជីវកម្មផ្សេងៗទៀត ជាពិសេសប្រជាជនអ្នករកស៊ីលក់ដូរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រតិបត្តិករទេសចរណ៍ ដោយសារតែតម្រូវការហូបចុក ស្នាក់នៅ និងសេវាកម្មជាច្រើនបានកើនឡើងដូចគ្នា។ នេះជាការបន្ថែមពីឯកឧត្ដម វ៉ាត់ ចំរើន។
ទន្ទឹមនឹងនេះ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរក៏ចលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ដោយសហការជាមួយអង្គរការបេះដូងមាសរបស់ជប៉ុន និងការគាំទ្រពីស្ថានទូតជប៉ុនក៏ដូចជាការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងពី Manulife នឹងជួយដល់អង្គការជួយដល់ជនរងគ្រោះដោយសារមីន អង្គការកុមារ និងមន្ទីរពេទ្យកុមារនានា។
គួររំឭកថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៤កន្លងទៅ ទទួលបានអ្នកចូលរួមជាង១៤០០០នាក់។ សម្រាប់ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕(ដកស្រង់ពី៖ Olympiccambodia)

