កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនខាងលើនេះត្រូវបានធ្វើទ្បើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យថា មានករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ចំនួន១៦នាក់ និងនេប៉ាល់ចំនួន០៣នាក់។ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ៧គ្រឿង-កុំព្យូទ័រយួរដៃ១គ្រឿង) និងទូរសព្ទដៃ ចំនួន៣៥គ្រឿង។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ចំណែក ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕



