​អាជ្ញាធរក្រុងដូនកែវ សហការជាមួយមន្ទីរឧស្សាហកម្មខេត្ត ចុះត្រួតពិនិត្យជញ្ជីងថ្លឹងនៅផ្សារធំតាកែវ

តាកែវ ៖ អាជ្ញាធរក្រុងដូនកែវ ដឹកនាំដោយលោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានសហការជាមួយមន្ត្រី ប.ម.ជ (នាយកដ្ឋានស្ដង់ដារកម្ពុជា) នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ ដើម្បីចុះត្រួតពិនិត្យភាពត្រឹមត្រូវនៃជញ្ជីងថ្លឹងរបស់អាជីវករ នៅទូទាំងផ្សារធំតាកែវ។ ការចុះត្រួតពិនិត្យនេះ មានគោលដៅធានានូវគុណភាព និងភាពស្មោះត្រង់ក្នុងការលក់ដូរ ជាពិសេសទៅលើទំនិញសំខាន់ៗប្រចាំថ្ងៃ រួមមាន បក្សី ត្រី សាច់ និងបន្លែ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកអភិបាលរង សុខ គង្គារ័ត្ន បានធ្វើការណែនាំទៅដល់បងប្អូនអាជីវករទាំងអស់ ត្រូវប្រើប្រាស់ជញ្ជីងដែលត្រូវបានត្រួតពិនិត្យ និងមានភាពត្រឹមត្រូវ តាមស្ដង់ដារបច្ចេកទេស រក្សាភាពស្មោះត្រង់ និងថ្លឹងទម្ងន់ឲ្យបានគ្រប់ចំនួន ក្នុងការជួញដូរជាមួយអតិថិជន និងប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា៖ “ក្រុមការងារនឹងបន្តការត្រួតពិនិត្យជាប្រចាំ។ ក្នុងករណីដែលរកឃើញការខុសឆ្គង ឬមានការបំពានមិនកែប្រែដោយចេតនា នោះរដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីការពារផលប្រយោជន៍របស់សាធារណជន។”

លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការល្អរបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកធ្វើឲ្យដំណើរការនៃការចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕តាកែវ

Written by 

Related posts

Leave a Comment