តាកែវ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបាននគរបាលក្រុងដូនកែវធ្វើការឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ខណ:ពេលដែលក្រុមជនសង្ស័យបានព្រួតគ្នាវាយនឹងចាប់ប្រពន្ធដើមចាក់សាំងដុតសម្លាប់។

លោកវរសេនីយ៍ឯកឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវបានអោយដឹងថាក្រោមការសម្របសម្រួលពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក បានបញ្ជាឱ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យស្រី.ប្រុសជាបន្តបន្ទាប់បានចំនួន ៤នាក់ហើយ ដោយឡែកម្នាក់ទៀត ជាកុមារសមត្ថកិច្ចបានធ្វើការអប់រំដោយមិនបានឃាត់ខ្លួននោះទេ។
លោកអធិការក្រុងបានបញ្ជាក់ថាករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ នាង លីម៉េង ដែលស្ថិតនៅក្នុងភូមិធន់មន់ខាងត្បូង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានករណី មួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមានគ្នាចំនួន០៥នាក់ ទី០១មានឈ្មោះ នាង លីម៉េង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ទី០២ ឈ្មោះ នាង ផារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ទី០៣ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់ដូរ និងទី០៤ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ចំណែកទី៥ នៅជាកុមារ សមត្ថកិច្ចមិនអាចឃាត់ខ្លួនទេ។

ទាំង០៤នាក់ខាងលើមានទីលំនៅបច្ចុប្បន្នភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានធ្វើសកម្មភាព ព្រួតគ្នាវាយទៅវិញទៅមក និងចាក់សាំងដុតទៅលើភាគីម្ខាងទៀតដែលជាជនរងគ្រោះមានឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ សង្កាត់ ក្រុង កើតហេតុខាងលើ បណ្ដាលឱ្យឆេះរងរបួស ទី០១រងរបួសត្រចៀកខាងឆ្វេងចំនួន០១កន្លែង ទី០២រងរបួសលើកញ្ចឹងកចំនួន០១កន្លែង ទី០៣រងរបួសលើខ្នងផ្នែកខាងលើចំនួន០១កន្លែង ទី០៤រងរបួសលើស្មាខាងឆ្វេងចំនួន០១កន្លែង ទី០៥រងរបួសលើខ្នងទាំងសងខាងចំនួន០២កន្លែង និងទី០៦ មានស្នាមរងរបួសនៅលើសាច់ដុំខាងឆ្វេងចំនួន០១កន្លែង(រងរបួសភ្លើងឆេះធ្ងន់ធ្ងរ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ដោយឡែកភាគីម្ខាងទៀត មានឈ្មោះនាង លីម៉េង រងរបួសត្រង់កផ្នែកខាងឆ្វេងចំនួន០១កន្លែង (រងរបួសស្រាល) និងទី០២ មានឈ្មោះ វី សៀវម៉ី រងរបួសលើសាច់ដុំខាងស្ដាំចំនួន០១កន្លែង(រងរបួសស្រាល)។ ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ នាង លីម៉េង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួន។លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្សពួកបានចំនួន០៣នាក់ផ្សេងទៀត យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ។
ក្រោយមកសមត្ថកិច្ចជំនាញ បានធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ខាងលើរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣០ ១១ ២០២៥ ចាត់ការតាមច្បាប់។តាកែវ


