អាជ្ញាធរឥណ្ឌូនេស៊ី បន្តប្រតិបត្តិការស្វែងរកមនុស្សរាប់រយនាក់ទៀតដែលបាត់ខ្លួនក្នុងទឹកជំនន់ និងបាក់ដីដ៏សាហាវ

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកមនុស្សយ៉ាងហោចណាស់ ៤០០នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ក្នុងការរអិលបាក់ដី បន្ទាប់ពីភ្លៀងស៊ីក្លូនបង្កជាទឹកជំនន់ធ្ងន់ធ្ងរជិតមួយសប្តាហ៍។

អាជ្ញាធរ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅលើកោះស៊ូម៉ាត្រា កើនឡើងដល់ជាង ៤៤០ នាក់។

ជំនួយត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់តាមផ្លូវអាកាស និងទឹក ប៉ុន្តែភូមិមួយចំនួនមិនទាន់ទទួលបានអ្វីទាំងអស់ ហើយមានរបាយការណ៍ថាមានមនុស្សលួចជំនួយផងដែរ។

ភ្លៀងធ្លាក់ខ្លាំង និងព្យុះ បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងស្រីលង្កា ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យមនុស្សជាង ៩០០ នាក់ស្លាប់នៅទូទាំងតំបន់ ក្នុងខែនេះ។

ព្យុះត្រូពិចដ៏កម្រ ដែលមានឈ្មោះថា ព្យុះស៊ីក្លូន Senyar បានបង្កឲ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយផ្ទះសម្បែងរងការបំផ្លាញ និងអគាររាប់ពាន់ខ្នងត្រូវលិចទឹក។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ រាយការណ៍ថា មនុស្សកំពុងបាត់ខ្លួននៅក្នុងខេត្ត Aceh ភាគខាងជើងកោះស៊ូម៉ាត្រា និងភាគខាងលិចកោះស៊ូម៉ាត្រា។

ជំនួយបរទេសមួយចំនួន ត្រូវបានទទួល ដោយអាជ្ញាធរ បានបញ្ជូនសម្ភារៈវេជ្ជសាស្ត្រទៅកាន់ខេត្ត Aceh ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment