សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់នឹងធ្វើពហិការមិនចូលរួមការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយឡើយ ដើម្បីតវ៉ាចំពោះការបែងចែកទិដ្ឋាការមានកំណត់។
អ្នកនាំពាក្យសហព័ន្ធលោក Amir Mehdi Alavi ត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មានកីឡាអ៊ីរ៉ង់ Tarafdari ថា “គណៈប្រតិភូអ៊ីរ៉ង់នឹងមិនមានវត្តមានសម្រាប់ការចាប់ឆ្នោត World Cup ទាក់ទងនឹងស្ថានភាពចុងក្រោយនៃការចេញទិដ្ឋាការ ” ។
សហរដ្ឋអាមេរិកបានដាក់កំហិតទិដ្ឋាការយ៉ាងតឹងរឹងជាយូរមកហើយលើជនជាតិអ៊ីរ៉ង់ ដោយសារហេតុផលនយោបាយ និងសន្តិសុខ។ លោក Alavi បាននិយាថា សហរដ្ឋអាមេរិកបានផ្តល់ទិដ្ឋាការដល់សមាជិកគណៈប្រតិភូអ៊ីរ៉ង់ចំនួន ៤ នាក់ប៉ុណ្ណោះ រួមទាំងគ្រូបង្វឹក Amir Ghalenoei ប៉ុន្តែមិនបានផ្តល់ទិដ្ឋាការដល់លោក Mehdi Taj ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់នោះទេ។
លោក Alavi បានបន្ថែមថា ការសម្រេចចិត្តបានធ្វើតាមអ្វីដែលអ៊ីរ៉ង់បានពិពណ៌នាថាជា “សកម្មភាពមិនដូចកីឡា” ដោយអាជ្ញាធរសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ឆ្នោតនៅថ្ងៃទី ៥ ខែធ្នូ នៅវ៉ាស៊ីនតោនឌីស៊ី។
សហព័ន្ធបាននិយាយថា ខ្លួនបានទាក់ទងជាមួយ FIFA អស់រយៈពេលពីរថ្ងៃ ហើយបានជូនដំណឹងដល់ប្រធានលោក Gianni Infantino និងអគ្គលេខាធិការ។ លោក Alavi បាននិយាយថា “FIFA នឹងដោះស្រាយលើបញ្ហានេះ ។ ជុំវិញរឿងនេះលោក Alavi មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
សូមជម្រាបផងថា ការចាប់ឆ្នោតបែងចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2026 ជុំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុង Washington D.C. ៕

