ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបានវាយប្រហារខេត្តអាឆេ ស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៧៤ នាក់ ដោយមនុស្ស ៧៩ នាក់បាត់ខ្លួន និង ១២ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) ។

លោក Suharyanto ប្រធាន BNPB បានឱ្យដឹង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា ស៊ូម៉ាត្រាខាងជើង កត់ត្រាចំនួនជនរងគ្រោះខ្ពស់បំផុត ដោយមានអ្នកស្លាប់ ១១៦ នាក់ និងមនុស្ស ៤២ នាក់បាត់ខ្លួន។
តំបន់ដែលរងផលប៉ះពាល់ជាច្រើនក្រុមអ្នកជួយសង្គ្រោះ នៅតែមិនអាចចូលទៅដល់បានដោយសារតែផ្លូវខូចខាត និងការរអិលបាក់ដីដែលកំពុងបន្ត ធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះយឺតយ៉ាវ។
លោក បានបន្ថែមថា យើងសន្និដ្ឋានថានៅមានជនរងគ្រោះជាច្រើនទៀតដែលស្ថិតនៅក្នុងតំបន់បាក់ដីដែលយើងមិនអាចចូលទៅដល់បាន។
នៅខេត្តអាឆេ មនុស្ស ៣៥ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ២៥ នាក់នៅតែបាត់ខ្លួន និង ៨ នាក់ផ្សេងទៀតរងរបួស។
ខេត្តស៊ូម៉ាត្រាខាងលិច បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២៣ នាក់ ដែលក្នុងនោះ ១២ នាក់បាត់ខ្លួន និង ៤ នាក់ផ្សេងទៀតរងរបួស។ ទឹកជំនន់ និងការរអិលបាក់ដី បានបំផ្លាញផ្លូវថ្នល់ និងស្ពាននៅទូទាំងស្រុកជាច្រើន ដោយមានគ្រួសារប្រហែល ៣.៩០០ គ្រួសារត្រូវបានផ្លាស់ទីលំនៅទៅកាន់ជម្រកបណ្តោះអាសន្ន៕


ដោយ៖ ពេជ្រ
