បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគូទគោយន្តកន្ទ្រៃ ដោយសារមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នៅស្រុកលំផាត់

ខេត្តរតនគិរី÷ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យសង្វែក បន្ទាប់ពីជិះម៉ូតូបុកគូទគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របទិសគ្នា ពីត្បូងមកជើង ខណៈគោយន្តកន្ត្រៃនេះពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនៅខាងក្រោយគូទគោយន្តនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥នឹង៥០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចស្ពានលេខ៣៥ ចន្លោះបង្គោលគីឡូម៉ែត្រ២៧៣-២៧៤ ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់។

លោក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ គឹក នឹម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរកសិករមានទីលំនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ស្លាប់នៅនឹងកន្លែងកើតហេតុ បានបុកគូទគោយន្តត្រូវចំពោះធ្លាយពោះវៀន។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AL-6382 ធ្វើដំណើរពីត្បូងទៅជើង បានពាក់មួកសុវត្ថិភាព។

រីឯអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ឡែត ស៉ីមុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បើកបរគោយន្តកន្ត្រៃ១គ្រឿងម៉ាកToTo ពណ៌ស្លាទុំ ធ្វើដំណើរពីត្បូងមកជើង ក៏ត្រូវម៉ូតូមកបុកពីក្រោយយ៉ាងពេញទំហឹង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការអន្តរាគមន៍នឹងពិនិត្យនៅកន្លែងកើតហេតុ  ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចទំពួន។

បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា គោយន្តកែច្នៃនឹងគោយន្តកន្ត្រៃដែលបានបើកបរនៅលើដងផ្លូវជាតិភាគច្រើនពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេ ដោយសារពុំមានភ្លើងសញ្ញាគ្រប់គ្រាន់(ភ្លើងស្តុប)នៅពីខាងក្រោយ ធ្វើឲ្យអ្នកបើកបរមិនបានចាប់អារម្មណ៍ឃើញគោយន្តទាំងនោះនៅពីមុខ។ហេតុដូច្នេះហើយប្រជាពលរដ្ឋបានសំណូមពរទៅដល់សមត្ថកិច្ចជំនាញមេត្តាចុះរឹបបន្តឹងគោយន្តទាំងនេះផងដើម្បីជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗអាចកើតឡើងនៅចំពោះមុខ៕

Written by 

Related posts

Leave a Comment