រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ជាផ្លូវការពីបទរៀបចំការបះបោរ ខណដែលលោក Yoonក៏ត្រូវបានចាប់ខ្លួនរួចហើយកាលពីមួយសប្តាហ៍មុន។ តាមច្បាប់កូរ៉េខាងត្បូងបទនេះអាចនឹងឃុំខ្លួនជនត្រូវចោទអស់មួយជីវិត ឬក៏អាចឈានដល់ការប្រហារជីវិត។
ព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានធ្វើការប្រកាសបទចោទប្រកាន់នោះ នៅម៉ោង៧យប់ថ្ងៃអាទិត្យ។ ព្រះរាជអាជ្ញាបាននិយាយថា បន្ទាប់ពីពិនិត្យយ៉ាងហ្មត់ចត់នូវភស្តុតាង និងសម្ភារៈពាក់ព័ន្ធ និងបានកំណត់ថាវាសមរម្យក្នុងការចោទប្រកាន់លោក Yoon ហើយពីបទបះបោរ ឬកុប្បកម្ម។
រដ្ឋអាជ្ញាក៏ថែមទាំងបាននិយាយថា ពួកគេបានចោទប្រកាន់លោកYoon តែលើការដឹកនាំកុបកម្ម ខណៈដែលប្រធានាធិបតីដែលកំពុងអង្គុយក្នុងអំណាចមិនមានអភ័យឯកសិទ្ធិដែលអាចការពារលោក Yoon ពីការចោទប្រកាន់នេះទេ។
អាចនិយាយថា នេះជាលើកទីមួយហើយដែលប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងកាន់តំណែងត្រូវបានចោទប្រកាន់ ខណលោកYoon បានប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីមួយកាលពីខែមុន។ ក្រុមស៊ើបអង្កេតរួមមួយបានចាប់ខ្លួនគាត់កាលពីថ្ងៃទី ១៩ ខែមករា ដោយសង្ស័យថារៀបចំការបះបោរ។ ក្រុមនេះបានបញ្ជូនសំណុំរឿងនេះទៅអយ្យការនៅថ្ងៃព្រហស្បតិ៍កន្លងទៅ។
ព្រះរាជអាជ្ញាបានដាក់សំណើពីរដងទៅតុលាការសម្រាប់ការពន្យារពេលការចាប់ខ្លួន លោក Yoon ដូច្នេះពួកគេអាចបន្តការស៊ើបអង្កេតក្រោមអំណាចរបស់ព្រះរាជអាជ្ញា។ ប៉ុន្តែតុលាការបានបដិសេធសំណើទាំងពីរ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា រដ្ឋអាជ្ញាបានបើកកិច្ចប្រជុំមន្ត្រីកំពូលចាប់ពីព្រឹកថ្ងៃអាទិត្យ ដើម្បីពិភាក្សាថាតើត្រូវចោទប្រកាន់លោក Yoon ខណៈដែលផុតកំណត់នៃការឃុំខ្លួនរបស់គាត់កំពុងខិតជិតមកដល់ហើយនោះ។
នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង ព្រះរាជអាជ្ញាអាចឃុំខ្លួន លោកYoon នៅមន្ទីរឃុំឃាំងរហូតដល់ប្រាំមួយខែបន្ទាប់ពីការចោទប្រកាន់។ការកាត់ក្តីឧក្រិដ្ឋកម្មត្រូវបានគេរំពឹងថានឹងធ្វើឡើងខណៈពេលដែលតុលាការធម្មនុញ្ញកំណត់ដោយឡែកពីគ្នានូវសុពលភាពនៃការចោទប្រកាន់របស់គាត់៕
ដោយ៖ ពេជ្រ